Social Network

រក​ឃើញ​សារធាតុ​គីមី បូ​រ៉ា​ក់ លើ​ងៀត​បបែល និង​ពពុះសណ្តែក នៅ​ផ្សារ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប

ខេត្តស្វាយរៀង ៖ បើយោងតាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសាខា (ក.ប.ប) ខេត្តស្វាយរៀង ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងគណកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារប្រសូត្រ ស្ថិតក្នុងស្រុកស្វាយទាន ខេត្តស្វាយរៀង ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋម ទៅលើគំរូម្ហូបអាហារចំនួន ៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមួយចំនួន មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) រួមមាន ៖ ទី១- ងៀតបបែល ចំនួន ៩គីឡូក្រាម និងទី២- ពពុះសណ្តែក ចំនួន ៥គីឡូក្រាម។បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោល នាពេលក្រោយតាមនីតិវិធី ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព