Social Network

ចោទប្រកាន់​មន្ត្រី​នគរបាល​ម្នាក់ ពី​បទ​រំលោភ​សេពសន្ថវៈ​ប្រពន្ធ​គេ

រាជធានីភ្នំពេញ ៖ ក្រោយពីបើកការសាកសួរអស់រយៈពេល២ថ្ងៃ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចធ្វើការចោទប្រកាន់មន្ត្រីនគរបាលបម្រើការងារនៅខណ្ឌជ្រោយចង្វាម្នាក់ ពីបទ.រំលោភសេពសន្ថវៈ និងបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ បន្ទាប់មកសំណុំរឿងនេះត្រូវបានតំណាងអយ្យការចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនលើជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

ជនសង្ស័យឈ្មោះ ខេម វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានគរបាលខណ្ឌជ្រោយចង្វារ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ រីឯស្ត្រីរងគ្រោះមានឈ្មោះ ស.ស.ត អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដើមចមសំណុំរឿងនេះត្រូវបានគេដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ដោយចោទប្រកាន់ថា បានដកកាំភ្លើងខ្លីភ្ជង់គំរាមឲ្យដោះសម្លៀកបំពាក់ រួចចាប់ផ្ដួលទៅនឹងដី ហើយរំលោភសេពសន្ថវៈរហូតបានសម្រេច។

តាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នាងនិងប្តីបានជិះម៉ូតូម៉ាកហុងដា១គ្រឿង ចេញពីផ្ទះទៅដកក្រឳឈូក នៅចំណុចបឹងខាងកើតភូមិ កប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពេលទៅដល់បឹងនោះប្តីបានឲ្យនាងជាប្រពន្ធនៅឈរចាំម៉ូតូ ហើយគាត់(ប្តី)បានចុះទៅដកក្រឳឈូកក្នុងបឹង។

ពេលកំពុងឈរនោះស្រាប់តែជនសង្ស័យ បានជិះម៉ូតូទៅឈប់ក្បែររបង រួចបានដើរសំដៅមករកនាងដោយសួរថាប្តីទៅណា? តែនាងមិនបានតបនោះទេ។ឃើញដូច្នោះជនសង្ស័យបានដកកាំភ្លើងខ្លីម៉ាក ROLO ភ្ជង់ជនរងគ្រោះគំរាមឲ្យដោះសម្លៀកបំពាក់ចេញទាំងអស់ រួចចាប់នាងរំលោភរសេពសន្ថវៈហូតបានសម្រេច។

ក្នុងបណ្តឹងបានបញ្ជាក់ទៀតថា បន្ទាប់ពីជនសង្ស័យរំលោភរួច នាងបានប្រើល្បិចធ្វើជាសុំលេខទូរស័ព្ទ ដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយៗទៀត។ លុះបន្ទាប់មកនាងក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច និងបានណាត់ជួបជនសង្ស័យនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ពេលនោះជនសង្ស័យបានជិះរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 មកជួបនាងតែទំនងជាដឹងខ្លួនទើបជនសង្ស័យ បើករថយន្តគេចខ្លួនរហូតដល់មហាវិថីវិមានឈ្នះឈ្នះ ពេលនោះសមត្ថកិច្ចខណ្ឌព្រែកព្នៅ បានដេញតាមពីក្រោយ និងបាញ់គំរាម២គ្រាប់ឲ្យឈប់ដើម្បីចាប់ខ្លួន។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននាំជនសង្ស័យ យកទៅសាកសួរនៅអភិការដ្ឋានខណ្ឌព្រែកព្នៅ ពេលនោះស្ត្រីរងគ្រោះបានទាមទាជំងឺចិត្តចំនួន១ម៉ឺនដុល្លារអាមេរិក ចំណែកខាងក្រុមគ្រួសារជនសង្ស័យ បានធ្វើការសម្រួបសម្រួលគ្នា ដោយសុំសងជំងឺចិត្តទៅស្ត្រីរងគ្រោះត្រឹមតែ១ ពាន់ដុល្លារអាមេរិកទើបបានមិនត្រូវរ៉ូវគ្នា។ ខណៈពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតរួមមាន ៖ កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម គ្រាប់ចំនួន៥គ្រាប់ ទូរស័ព្ទ១គ្រឿង និងរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង។

នៅចំពោះមុខសមត្ថកិច្ចបើទោះបីជាមានការចោទប្រកាន់យ៉ាងនេះក្តី ជនសង្ស័យដែលជាមន្ត្រីនគរបាលម្នាក់ បានបដិសេធន៍ថា ខ្លួនពុំបានប្រព្រឹត្តអំពើដូចការចោទប្រកាន់នោះទេ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ កសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕ 

ដកស្រង់ពី៖កោះសន្តិភាព