Social Network

បង្ក្រាប​គ្រឿងញៀន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា នេះថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃីង សាត់ នាយករងមន្ទីរ ដោយមានការសហការជាមួយនគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរនូវសារធាតុគ្រឿងញៀនដោយខុសច្បាប់មួយករណីនៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ធីម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងនោះមានការចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១ ១៦២.០២ ក្រាម (ជាង១គីឡូក្រាម)។

លោកនាយកមន្ទីរប្រឆាំងគ្រឿងញៀនបន្តថា លទ្ធផលដែលសមត្ថកិច្ចសម្រេចបានជោគជ័យ រាល់កិច្ចការបង្ក្រាបគ្រឿងញៀន គឺសុទ្ធតែមានការសហការ និងការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននោះដែរ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល តាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព