Social Network

សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​ឈើ​មួយ​រថយន្ត​យី​ឌុ​ប លាក់​បង្កប់​ក្នុង​ឈើ​ផ្ទះ​ចាស់

ខេត្តកំពង់ឆ្នាំង ៖ ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចច្រុះរួមមាន៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្ត និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាច បានស្ទាក់ចាប់បានរថយន្តយីឌុបមួយគ្រឿង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាអក ឃុំពានី ស្រុកកំពង់ត្រឡាច ខណៈដែលរថយន្តធន់ធ្ងន់ខាងលើដឹកឈើអារចម្រុះ បង្កប់លាក់ក្នុងគំនរឈើផ្ទះចាស់ ធ្វើចរាចរលើផ្លូវជាតិ ដោយគ្មានច្បាប់អនុញាត។

លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានបញ្ជាក់ថា៖ តាមពិតឈើមួយ រថយន្តហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A-0287 ដែលសមត្ថកិច្ចចម្រុះសហការគ្នាចាប់នេះបាន គឺបានយកលេសសុំច្បាប់ដឹកឈើផ្ទះចាស់។ ប៉ុន្តែការពិតពេលដឹកគឺបានបង្កប់ឈើថ្មីចម្រុះពីខាងក្នុង ដោយដាក់ឈើផ្ទះចាស់ពីខាងក្រៅ។

នៅពេលសមត្ថកិច្ចចាប់ឃាត់ ក្រុមអ្នកដឹកឈើប្រាប់ថា៖ ជាឈើផ្ទះចាស់ លុះពេលសមត្ថកិច្ចត្រូតពិនិត្យ ឃើញសុទ្ធតែឈើអារក្តារ និងឈើគ្រឿងថ្មីៗ ហើយខ្លះឈើខ្លះទៀត មានមុខកាត់ធំៗ ជាឈើមានតម្លៃ។

ឃើញបែបនេះ ក្រុមអ្នកដឹកឈើទាំងនោះនាំគ្នាគេចខ្លួនអស់មិនឃើញមាននរណាទទួលខុសត្រូវឡើយ។ លោក ឯម វិចិត្រ បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា រថយន្តដឹកឈើល្មើសច្បាប់ទាំងនោះ បានយកមកដល់ផ្នែករដ្ឋបាលព្រៃឈើ និងកំពុងទម្លាក់មកដី ដើម្បីធ្វើការវាស់វែង។ ប៉ុន្តែមិនដឹងចំនួនប៉ុន្មានទេ ព្រោះឈើច្រើនពេក វាស់មិនទាន់ហើយ តែតាមការស្មានអាចជិត២០ម៉ែត្រគូប។

នាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាចបានបញ្ជាក់ពីនិតិវិធីបន្តថា៖ក្រោយពេលធ្វើការវាស់វែងចប់សព្វគ្រប់ មន្ត្រីជំនាញ និងស្រាវជ្រាវរកម្ចាស់ឈើពិតប្រាកដដើម្បីធ្វើសេចក្តីជូនដំណឹងឱ្យចូលខ្លួនមកបង់ផាកពិន័យតាមផ្លូវច្បាប់ស្តីពីការដឹកជញ្ជូនផល អនុផលព្រៃឈើ ដែលនឹងត្រូវទុករយៈពេល៣០ថ្ងៃ បើរកម្ចាស់មិនឃើញ ឬម្ចាស់មិនចូលខ្លួនមកដោះស្រាយទេ មន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ដល់ពេលនោះរថយន្តក៏នឹងត្រូវរឹបអូសជាសម្បត្តិរដ្ឋដែរ៕

ដកស្រង់ពី៖កោះសន្តិភាព