Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លៀងមួយ​មេ​ធំ​លាយ​ខ្យល់​ក​ន្ទ្រា​ក់​ធ្វើ​ឱ្យ​ប៉ើង​​​​រោង និង​ឆក់​ជីវិត​មេ​ចុងភៅ​ក្នុង​រោង​​ការ

  • Print

ខេត្តកណ្ដាល ៖ បើតាមមានសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់មនុស្សម្នាក់រហូតបាត់បង់ជីវិត និងរបួសម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអាចម៍កុក ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ អេង អឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាមេចុងភៅ (បាត់បង់ជីវិត) រស់នៅភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះឈ្មោះ ម៉ម ធំ អាយុ៤០ឆ្នាំ មុខរបរកម្មការិនី បានដឹងថា នៅថ្ងៃទី២១ វិច្ឆិកា ប្តីរបស់គាត់បានទទួលធ្វើម្ហូប (ចុងភៅ) និងរោងការខាងលើនេះទាំងអស់តែម្តង ។

លុះនៅវេលាម៉ោង៨យប់ មេឃចាប់ផ្តើមភ្លៀង និងមានខ្យល់កន្ទ្រាក់យ៉ាងខ្លាំង ធ្វើឱ្យប្តីរបស់គាត់ (ជនរងគ្រោះ) និងកម្មករប្រហែល៣នាក់ទៀត បាននាំគ្នាទៅជួយទប់រោង ព្រោះរោងដែលជាកន្លែងចុងភៅធ្វើម្ហូបនោះ ត្រូវបានខ្យល់បក់បោកឡើងប៉ើងធ្លាក់ទៅក្នុងប្រឡាយបាត់ហើយ ដូច្នោះខ្លាចខ្យល់បក់ខ្លាំងធ្វើឱ្យរលំរោងការទៀត ទើបបានជានាំគ្នាទាំងមេចុងភៅ និងកម្មករនាំគ្នាទៅទប់រោងការនោះ ។

ប្រពន្ធជនរងគ្រោះបន្តថា លុះពេលក្រុមគាត់ទាំង៤នាក់ទៅកាន់សសររោងដែលធ្វើពីដែក ក៏ស្រាប់តែមានចរន្តភ្លើងឆ្លងមកឆក់ឈ្មោះ ណាក់ តែ «ណាក់» បានកន្ត្រាក់ដកដៃវិញទាន់ ទើបមិនបណ្តាលឲ្យគ្រោះថ្នាក់ទេ គ្រាន់តែរបួសតិចតួច ។

ពេលជួបហេតុការណ៍ដូច្នេះ ឈ្មោះ ណាក់ បានមកប្រាប់គាត់ (ប្រពន្ធជនរងគ្រោះ) ថា ខ្លួនត្រូវខ្សែភ្លើងឆក់ ហើយក៏ដើទៅដេកបាត់ទៅ ។ ប្រពន្ធជនរងគ្រោះបន្តទៀតថា ចំណែកកម្មករ២នាក់ទៀតក៏ដើរចេញលែងនៅទប់រោងការនោះដែរ គឺនៅសល់តែប្តីគាត់ម្នាក់ (ជនរងគ្រោះ) នៅទប់រោងការម្នាក់ឯង ព្រោះខ្លាចខ្យល់ប៉ើងធ្លាក់ប្រឡាយដូចរោងចុងភៅទៀត ដោយមិនដឹងថា រោងការនេះមានឆ្លងចរន្តអគ្គិសនីនោះទេ។

ប្រភពដដែលបន្តថា ក្រោយមកឈ្មោះ សិត ដែលជាម្ចាស់ដើមការបានរត់ទៅដកព្រីនភ្លើងចេញ រួចដើរទៅមើលជុំវិញរោង ក៏ស្រាប់តែឃើញជនរងគ្រោះ (ប្តីគាត់) ដួលផ្កាប់មុខលេចកប់ទៅក្នុងទឹក សល់តែសក់ក្បាលនៅក្បែរសសររោងប៉ុណ្ណោះ ទើបគេនាំគ្នាស្ទុះទៅលើកគាត់ឡើង តែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ។

ដោយសារតែមិនអស់ចិត្ត ទើបក្រុមគ្រួសារគាត់បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីសង្គ្រោះ ប៉ុន្តែនៅពេលទៅដល់ត្រូវគ្រូពេទ្យប្រាប់ថា «ជនរងគ្រោះបានដាច់ខ្យល់បាត់បង់ជីវិតទៅហើយ» ពេលនោះក៏បានដឹកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព