Social Network

បាត់​​កូនៗតាំងពីព្រឹក លុះរសៀលឆោឡោដើររក​ ឃើញត្រឹមខោ​អាវ និង​ស្បែកជើង​នៅកាំជណ្តើរស្រះ​

ខេត្តកំពង់ឆ្នាំង ៖ មានករណីក្មេងប្រុសចំនួន២នាក់បានលង់ទឹកស្រះមានជម្រៅជ្រៅ កាលពីវេលារសៀល ហើយក្រុមគ្រួសារនិងអ្នកភូមិរួមទាំងប្រជាការពារបានប្រើមធ្យោបាយដូចជាម៉ាស៊ីនខ្យល់ និងប្រើម៉ាស៊ីនភ្លើង តាមរាវរករហូតប្រទះឃើញសពក្មេងរងគ្រោះទាំង២នាក់ទាំងកណ្តាលយប់ ។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រះទឹកមួយកន្លែង ជិតសាលាបឋមសិក្សាតាភន ស្ថិតក្នុងភូមិតាឱស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យបានឱ្យដឹងថា៖ ក្មេងប្រុសរងគ្រោះទាំង២នាក់ ក្នុងនោះម្នាក់ឈ្មោះ វី ជីវ៉ាន់ អាយុ៦ឆ្នាំ ជាកូនរបស់ឈ្មោះ សែម សុវី អាយុ៣៦ឆ្នាំ ត្រូវជាឪពុក និងម្ដាយឈ្មោះ សួន សុផល អាយុ៣៦ឆ្នាំ ចំណែកម្នាក់ទៀតឈ្មោះ ជាតិ រិទ្ធី អាយុ៤ឆ្នាំ ជាកូនរបស់ឈ្មោះ ជ័រ ជាតិ អាយុ៣៧ឆ្នាំ ត្រូវជាឪពុក និងម្ដាយឈ្មោះ ស ចាន់ថា អាយុ៣៣ឆ្នាំ ។

ក្មេងរងគ្រោះទាំង២នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ។លោកមេឃុំក្តុលសែនជ័យបានបន្តថា តាមពិតក្មេងប្រុសទាំង២នាក់ បានបាត់ខ្លួនតាំងពីព្រឹក ប៉ុន្តែឪពុកម្តាយក្មេងរងគ្រោះទាំង២នាក់មិនបានចាប់អារម្មណ៍នោះទេ លុះដល់វេលាម៉ោងប្រមាណ១រសៀលថ្ងៃកើតហេតុ មិនឃើញកូនមកហូបបាយ ទើបមានការភ័យស្លន់ស្លោ ហើយសង្ស័យថា ក្មេងរងគ្រោះទាំង២នាក់ទៅលេងទឹកស្រះជិតសាលារៀន ។

លោកមេឃុំបានបន្តថា ក្រោយមក ក៏នាំគ្នាទៅមើល ស្រាប់តែឃើញខោអាវ ស្បែកជើង ក្មេងទាំង២នាក់នៅជិតកាំជណ្តើរចុះក្នុងស្រះ ទើបសន្និដ្ឋានថា ក្មេងទាំង២នាក់បានលង់ទឹកស្រះបាត់ទៅហើយ។ ស្រះទឹកខាងលើ គឺជាស្រះសហគមន៍ ជីកសម្រាប់យកទឹកប្រើប្រាស់ និងមានព័ទ្ឋរបងលួសជុំវិញទៀតផង ។

ក្រោយការសន្និដ្ឋានថា ក្មេងរងគ្រោះទាំង២នាក់បានលង់ទឹកស្រះ ក៍នាំគ្នាចុះរាវរក ប៉ុន្តែដោយសារទឹកស្រះមានជម្រៅជ្រៅប្រមាណពី៤ទៅ៥ម៉ែត្រ ទើបក្រុមប្រជាពលរដ្ឋ និងប្រជាការពារ ប្រើម៉ាស៊ីនខ្យល់ និងខ្យែអូស ប៉ុន្តែការរាវរកបានបន្តរហូតដល់វេលាម៉ោង៩យប់ ដោយប្រើទាំងម៉ាស៊ីនភ្លើងបន្ថែមទៀត ទើបប្រទះឃើញសពក្មេងប្រុសរងគ្រោះទាំង២នាក់ ។

បច្ចុប្បន្ន សពកេ្មងប្រុសរងគ្រោះទាំង២នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោមក្តីសោកសង្រែងពីឪពុកម្តាយនិងក្រុមគ្រួសារសាច់ញាតិ៕

ដកស្រង់ពី៖កោះសន្តិភាព