Social Network

ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ម្នាក់ ត្រូវ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅមានចំនួន១៧៨នាក់ ស្រី៧៩នាក់ មានម្នាក់ត្រូវបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។

ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃម្នាក់ជាបុរស អាយុ៣៨ឆ្នាំរស់នៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានស្លាប់ដោយជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ និងរាលដាលទៅឆ្អឹង និងសួត។

ប្រជាពលរដ្ឋខ្មែរដែលត្រូវបានស្លាប់ដោយជំងឺត្រូវបានត្រឡប់ពីប្រទេសថៃនៅវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ តាមច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដោយមានអាការៈហត់ និងពិបាកដកដង្ហើម និងមានស្បែកឡើងលឿងខ្លាំង ភ្លាមៗនោះក្រុមការងារចត្តាឡីស័កព្រំដែនច្រកអូរបីជាន់ស្រុកអូរជ្រៅបានសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ គឺជាមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។

ហើយក្រុមគ្រូពេទ្យបានសង្គ្រោះភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ដោយដាក់អុកស៊ីសែនជំនួយដង្ហើម និងម៉ាស្សាបេះដូង តែស្ថានភាពជំងឺធ្ងន់ធ្ងរពេក ដោយគ្រូពេទ្យជួយអស់ពីលទ្ធភាពព្រោះអ្នកជំងឺមានអារៈធ្ងន់ធ្ងរដោយសារជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ និងរាលដាលទៅឆ្អឹងនិងសួតក្រោយទើបបណ្តាលស្លាប់នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីពេទ្យខេត្តបន្ទាយមានជ័យគឺជាមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុន មង្គលបូរី ហើយត្រូវបានសាច់ញាតិមកទទួលយកដោយរថយន្តមន្ទីរពេទ្យដឹកជញ្ជូនដល់លំនៅដ្ឋានគ្រួសារសពនៅខេត្តបាត់ដំបង។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ និងភាគីថៃចាប់បញ្ជូនដែលក្រុមការងារពិនិត្យធ្វើចត្តាឡីស័កព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ មានចំនួន១៧៨នាក់ ស្រី៧៩នាក់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន១៤៨នាក់ ដែលត្រូវបានដឹកមកដាក់នៅមណ្ឌលក្នុងខេត្តបន្ទាយមានជ័យដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕

ដកស្រង់ពី៖កោះសន្តិភាព