Social Network

ជាប់រវល់​ធ្វើ​បុណ្យសព​បង​បង្កើត ក៏​មាន​បុរស​ម្នាក់​លបចូល​ផ្ទះ​ធ្វើ​សកម្ម​ភាព

ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានជនសង្ស័យម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយកាលពីម៉ោងប្រមាណ៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើសកម្មភាពចូលលួចលុយក្នុងផ្ទះអ្នកជិតខាង ខណៈពេលដែលម្ចាស់ផ្ទះកំពុងជាប់រវល់ទៅធ្វើបុណ្យសពឲ្យបងបង្កើតដែលបានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។

ប៉ុន្តែការប្រព្រឹត្តអំពើលួចនោះមិនបានសម្រេចទេ គឺត្រូវបានម្ចាស់ផ្ទះឃើញទាន់ ក៏នាំគ្នាចាប់ចោរនោះជាប់ រួចក៏វ៉ៃចោរនោះឡើងទ្រោមខ្លួនសល់តែដង្ហើមចង្រិត ទម្រាំតែសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទៅទាន់ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ រិន រើន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរស៊ីឈ្នួលលើកដាក់នំ និងដឹកជញ្ជូនឥវ៉ាន់ឲ្យគេ រស់នៅភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ចំណែកជនរងគ្រោះឈ្មោះ សាន ដិ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។

បើតាមសាក្សីដែលជាជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គាត់ (សាន ដិ) ជាប់រវល់ធ្វើបុណ្យសពឲ្យបងបង្កើតដែលជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ហើយផ្ទះបុណ្យនោះគឺនៅជិតគ្នា ។ ខណៈពេលដែលរូបគាត់ (ជនរងគ្រោះ) កំពុងតែជាប់រវល់ធ្វើបុណ្យសព ស្រាប់តែមានជនសង្ស័យឈ្មោះ រិន រើន ដែលជាអ្នករស់នៅភូមិ-ឃុំជាមួយគ្នា បានលបចូលក្នុងផ្ទះ រួចធ្វើសកម្មភាពរុករករើកកាយ និងលួចយកលុយពីក្នុងទូរាប់សែនរៀល ។

ជនរងគ្រោះបន្តថា ប៉ុន្តែពេលដែលជនសង្ស័យបាននិងកំពុងធ្វើសកម្មភាពនោះ រូបគាត់ជាម្ចាស់ផ្ទះបានទៅទាន់ ហើយក៏ស្រែកឲ្យបងប្អូនអ្នកជិតខាងជួយ ពេលនោះក៏នាំគ្នាចាប់ជនសង្ស័យបាន រួចក៏វាយម្នាក់មួយដៃម្នាក់មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស៊ាងឃ្វាង ចាត់ការបន្ត ។

បន្ទាប់មកនគរបាលប៉ុស្តិ៍ ក៏បានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកកំចា យមារ ជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក HONDA icon ពណ៌.សលាយទឹកប៊ិច ដែលមានស្លាកលេខ ភ្នំពេញ 1R-0540 ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

បើតាមអ្នកស្រុកក៏បាននិយាយថា ជនសង្ស័យជាមនុស្សរស់នៅស្រុកភូមិ-ឃុំជាមួយគ្នា ប៉ុន្តែជនសង្ស័យរូបនេះ គឺគេប្រើប្រាស់គ្រឿងញៀន ដូច្នេះរកការទុកចិត្តមិនបានទេមានតែការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិរៀងៗខ្លួនតែប៉ុណ្ណោះ ទើបអាចគង់វង់បាន ៕

ដកស្រង់ពី៖កោះសន្តិភាព