Social Network

ទៅផឹកស៊ីកម្មវិធីខួបកំណើត ត្រូវក្មេងទំនើង ព្រួតកាប់ និងវាយ របួសធ្ងន់ម្នាក់

រាជធានីភ្នំពេញ៖ យុវជនម្នាក់ បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ ហើយពេលកំពុងតែអង្គុយផឹកស៊ី ដល់ពេលគិតលុយ ចេញទៅវិញ ហើយស្រាប់តែមានក្មេងទំនើង មានគ្នាជិត ១០នាក់ព្រួតវាយ និងកាប់ បណ្តាលអោយជនរងគ្រោះម្នាក់ របួសសធ្ងន់សន្លប់ស្តូកស្តឹង និងរងរបួសស្រាល ២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នៅចំណុចស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ជនរងគ្រោះ ដែលរងរបួសស្រាល មានឈ្មោះ វុធ ធី ភេទប្រុស អាយុជាង ២០ឆ្នាំ ស្នាក់នៅម្តុំចាក់អង្រែក្រោម នឹងទី២ មានឈ្មោះ ងូម ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣ មានឈ្មោះ វណ្ណៈ ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅម្តុំទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីអ្នកលក់ដូរនៅកន្លែងកើតហេតុខាងលើនេះ បានអោយដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះ មានគ្នាទាំងអស់ ៧ ទៅ ៨នាក់ ក្នុងនោះ មានស្រីម្នាក់ បានបបួលគ្នា ទៅអង្គុយផឹកស៊ី និងធ្វើខួបកំណើតមិត្តភក្តិម្នាក់ តាំងពីម៉ោង ១០យប់ លុះដល់ម៉ោងកើតហេតុ ខាងភាគីជនបង្ក ក៏អង្គុយក្បែរគ្នា មានស្រី ៣នាក់ និងប្រុស ៦ ទៅ ៧នាក់ ក៏អង្គុយផឹកស៊ីដូចគ្នា នៅក្បែរគ្នាដែរ។

ប៉ុន្តែមិនដឹងថា ខាងជនបង្ក ខឹងខាងក្រុមជនរងគ្រោះរឿងអីនោះទេ បានជាពេលជនរងគ្រោះគិតលុយ ហើយបំរុងនឹងជិះម៉ូតូជិះចេញរៀងៗខ្លួនស្រាប់តែជនបង្កទាញដំបង និងដាវសាំម៉ូរៃ ដេញវាយ និងកាប់ពីកន្លែងកើតហេតុ រត់ចំងាយ ២០០ម៉ែត្រ ទៅដល់លើផ្លូវ ២៦៥ ទើបជនបង្កជាជនដៃដល់ ព្រួតកាប់ចំជនរងគ្រោះដែលមានឈ្មោះ វណ្ណៈ ត្រូវចំក្បាលខាងក្រោយ បណ្តាលអោយរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង និងស្លើភ្នែកឡើងលើ ហូរឈាមជោគជាំ ដេកដួលនៅនឹងផ្លូវ និងរងរបួសស្រាល ២នាក់ទៀត។

ភ្លាមៗនោះ អ្នកយាមនៅផ្ទះសំណាក់មួយកន្លែង ក្បែរនោះ បានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់១ អោយមកជួយអន្តរាគមន៍។ប៉ុន្តែជនដៃដល់រត់គេចខ្លួនបាត់ស្រមោលអស់ហើយ តែសាក្សី បានឃើញចំណាំម៉ូតូ និងភិនភាគរបស់ជនបង្ក គឺម៉ូតូហុងដាឌ្រីម និងម៉ូតូប្រភេទអូតូ ដែលធ្វើសកម្មភាព។

បក្សពួកជនបង្ក ក៏បានប្លន់យកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ២០១៩ ពណ៌ខ្មៅ មិនចាំស្លាកលេខនោះ យកទៅបាត់ដោយសុវត្ថិភាពតែម្តង។ ចំណែកជនរងគ្រោះ ដែលរងរបួសចំនួន ៣នាក់ ក្នុងនោះ គឺធ្ងន់ជាងគេ ឈ្មោះ វណ្ណៈ រីឯឈ្មោះ ងូម របួសចំដៃម្ខាង និងម្នាក់ទៀត របួសស្រាលជាងគេ។

បក្សពួករបស់ជនរងគ្រោះវិញរត់គេចខ្លួនអស់។ ក្រោយមក សមត្ថកិច្ចមូលដ្ឋាន និងជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក បានឃាត់នារី វ័យក្មេង ៣នាក់ យកទៅសួរនាំ ដោយសារតែពួកគេ គឺជាសង្សាររបស់ខាងជនបង្ក។ ភ្លាមៗនោះ ក៏មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ពន្លឺរស្មី បានមកដល់ដឹកយកជនរងគ្រោះ យកទៅព្យាបាលបាត់ទៅ។

ដោយសារតែស្ថានភាព គឺធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះបន្ទាន់។ ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទឹកល្អក់១៕

ដកស្រង់ពី៖កោះសន្តិភាព