Social Network

ធុំក្លិន​ស្អុយ​ទ្រាំ​លែង​បាន បើករបង​ចូល​រក​មើល​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់

រាជធានីភ្នំពេញ ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានសភាពហើមស្អុយរលេះរលួយស្ទើរតែអស់ទៅហើយទំនងជាបានចងកស្លាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ត្រូវបានគេប្រទះឃើញចងកនៅក្នុងដីឡូត៍មួយកន្លែងដែលមានព្រៃដុះ យ៉ាងច្រើននៅតាមផ្លូវលេខ៨៤ ទាល់តែម្នាក់ៗធំក្លិនស្អុយយ៉ាងខ្លាំងទ្រាំលែងបានទើបនាំគ្នាបើករបងចូលមើលទើបបង្កការភ្ញាក់ផ្អើលនោះ។

ករណីនេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាច ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីឡូត៍មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៨៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ អ្នករស់នៅក្បែរខាងបានធំក្លិនស្អុយយ៉ាងខ្លាំង ដោយមិនបានដឹងថាក្លិននោះជាក្លិនសត្វងាប់ ឬក៏អ្វីនោះទេ? ដោយសារតែមានការងឿងឆ្ងល់ថា តើវាជាក្លិនអ្វីពិតប្រាកដនោះ ទើបពួកគាត់ បានសម្រេចចិត្តនាំគ្នាបើកស័ង្កសីរបងដីឡូត៍មួយកន្លែងដែលគេពទ្ធ័ទុកចោល និងមានព្រៃដុះយ៉ាងច្រើននោះចូលរកមើល។

ពេលដែលពួកគាត់នាំគ្នាចូលទៅរកមើលក្នុងដីឡូត៍មួយនោះក៏ស្រាប់តែបានប្រទះឃើញសាកសពរបស់បុរសម្នាក់ចងកស្លាប់នៅក្នុងព្រៃ ដោយសាកសពមានសភាពហើមស្អុយ និងរលេះរលួយស្ទើរតែអស់ទៅហើយនោះ ទើបបង្កការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ទៅប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងពីរឿងនេះ។

ក្នុងពេលនោះដែរ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចកក៏បានចុះមកដល់កន្លែងកើតហេតុ ចុះទៅធ្វើការត្រួតពិនិត្យបញ្ជាក់ថា៖សាកសពជាបុរសមានពាក់អាវយឺតដៃខ្លីពណ៌ក្រហម និងស្លៀកខោជើងវែងពណ៌ខ្មៅរបូតធ្លាក់ពីចង្កេះទៅលើដី មើលលែងស្គាល់ទៅហើយទំនងជាបានចងកស្លាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ហើយប្រសិនបើមានបងប្អូនបានបាត់សាច់ញាតិសូមទាក់ទងមកកាន់ពួកគាត់ផង។

ក្រោយពីកម្លាំងមានសម្ថកិច្ចចុះទៅធ្វើការត្រួតពិនិត្យមើលសាកសពរបស់បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានសភាពហើយស្អុយរលេះរលួយមើលលែងស្គាល់ទៅហើយនោះ ដែលចងកស្លាប់នៅក្នុងព្រៃក្នុងដីឡូត៍ខាងលើនោះ រួចហើយក៏បាននាំគ្នាស្រាយទម្លាក់ និងយកទៅធ្វើការបូជាតែម្តង។

ដកស្រង់ពី៖កោះសន្តិភាព