Social Network

ក្មេងស្ទាវ ដេញវាយគ្នា បន្សល់ទុកម៉ូតូមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក

ភ្នំពេញ៖ យុវជន ២នាក់ កំពុងតែជិះម៉ូតូ តាមផ្លូវ ស្រាប់តែយុវជនមួយក្រុមទៀត មានទាំងរថយន្ត និងម៉ូតូ បានធ្វើសកម្មភាពភាពដេញវាយ ហើយបើករថយន្តបំបុកម៉ូតូរបស់យុវជនរងគ្រោះ ធ្វើអោយរងរបួស ២នាក់។

ចំណែកក្រុមជនបង្ក បានរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១ និង ៤៥នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ទល់មុខច្រកចូលប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ យុវជនរងគ្រោះ ២នាក់ មិនបានអោយស្គាល់អត្តសញ្ញាណ ហើយសមត្ថកិច្ច បានដកហូតម៉ូតូមួយគ្រឿងរបស់ជនមួយក្រុមទៀត ម៉ាកហុងដា ឌ្រីមស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H9751 ព្រមទាំងខ្សែក្រវ៉ាត់១ យកទៅរក្សាទុក។

យុវជនរងគ្រោះទាំង ២នាក់ បានអោយដឹងថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូម៉ាកហុងដា ឌ្រីមស៊េរីឆ្នាំ២០១៧ ពណ៌ក្រហម ពាក់ស្លាកលេខ ក្រចេះ 1D-2817 បានជិះចេញពីម្តុំទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គោលបំណងជូនមិត្តភ័ក្ដិទៅផ្ទះ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត លុះពួកគេបានជិះម៉ូតូដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានក្រុមយុវជនមួយក្រុមទៀត មានគ្នា ៦ ទៅ ៧នាក់ មានទាំងម៉ូតូ និងរថយន្ត បានជិះដេញតាមវាយពួកគេ ដោយអ្នកជិះម៉ូតូ ប្រដាប់ដោយខ្សែក្រវ៉ាត់។

ពេលនោះដែរ ពួកគេជាជនរងគ្រោះ ភិតភ័យ ក៏បានជិះម៉ូតូរត់គេច រហូតមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែទាក់ដៃចង្កូតជាមួយនឹងម៉ូតូរបស់ក្រុមជនបង្ក បណ្ដាលឲ្យដួលម៉ូតូ ហើយគាប់ជួនពេលនោះដែរ បក្សពួកក្រុមជនបង្ក ដែលមានរថយន្តបានបើករថយន្តមួយគ្រឿង មិនចាំម៉ាកបំបុកម៉ូតូរបស់ពួកគេពីក្រោយ បណ្តាលអោយពួកគេទាំង ២នាក់ ទើរតាមរថយន្ត ៥០ម៉ែត្រ ទើបធ្លាក់មកវិញ ធ្វើអោយរងរបួសបែកក្បាលម្នាក់ និងរលាត់ដៃជើងម្នាក់។ ចំណែកម៉ូតូខ្ទេច ផ្នែកក្រោយ។

ដោយឡែក ក្រុមជនបង្កវិញ ភ្លាមៗនោះដែរ ក៏បានគ្នារត់ឡើងជិះរថយន្តរបស់បក្សពួក គេចខ្លួនចេញទៅបាត់ ដោយបន្សល់ទុកម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង នៅកន្លែងកើតហេតុផងដែរ។

ក្នុងករណីនេះដែរ បន្តិចក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ សាកសួរពីដំណើររឿង និងបានយកវត្ថុតាង មានខ្សែក្រវ៉ាត់១ និងម៉ូតូរបស់ជនបង្កមួយគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣។ ដោយឡែក ក្រុមជនរងគ្រោះ ក្រោយកើតហេតុ មិនបានដាក់ពាក្យបណ្ដឹងនោះទេ គឺបាននាំគ្នា យកម៉ូតូជិះបន្តដំណើរទៅមុខជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព