Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉េអឹម និង​រដ្ឋបាល​ព្រៃឈើ ថា កាយ​ដី ធ្វើ​អាជីវកម្ម អត់​ច្បាប់ និង​ទន្ទ្រាន​ដី​រដ្ឋ ធ្វើ​កម្មសិទ្ធិ តែ​ម្ចាស់​ដី​ថា មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ ហើយ​កាយ​ដី​នេះ ២​ឆ្នាំ​មកហើយ​

  • Print

ខេត្តកំពត៖ ពីរថ្ងៃជាបន្តបន្ទាប់ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ គេឃើញមានកំលាំងកងរាជអាវុធហត្ថ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពត កែប ដោយមានការសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះទៅបង្ក្រាបការដ្ឋានកាយដី ដែលសមត្ថកិច្ចជំនាញអះអាងថាជាដីរដ្ឋ (ដីព្រៃឈើ) មួយកន្លែង នៅចំណុចខាងត្បូង ឆៀងខាងលិចវត្តជ័យមង្គលារាម ហៅវត្តវាលពួច ចម្ងាយជាងមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

នៅក្នុងការចុះបង្ក្រាបបទល្មើសខាងលើ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ កំលាំងសមត្ថកិច្ច បានរឹបអូសគ្រឿងចក្រអេសស្កាវ៉ាទ័ររបស់ជនល្មើស ដែលកំពុងកាយដី និងថ្មភ្នំមួយគ្រឿង នាំយកទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើកំពត លុះនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ដឹកនាំដោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើកំពត បានចុះទៅរឹបអូស អូស្កូ (ប្រដាប់សម្រាប់ស្នាក់នៅកម្មករ) មួយគ្រឿងទៀត នាំយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពីបទកាយដីរដ្ឋខុសច្បាប់ និងការទន្ទ្រានរំលោភដីរដ្ឋ (គម្របព្រៃឈើ) ធ្វើកម្មសិទ្ធិដោយខុសច្បាប់។ នេះបើយោងតាមប្រភពព័ត៌មានពីលោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត កែប បានប្រាប់អ្នកសារព័ត៌មានយើង កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ លោក ជួន សារ៉ា បានឲ្យដឹងទៀតថា កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ក្រុមការងាររបស់មន្ត្រីរដ្ឋបាលព្រៃកំពត បានសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្ត និងកំលាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តកំពត ដោយមានការសម្របសម្រួលដឹកនាំបញ្ជាពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឈូសឆាយ និងជីកគាស់កកាយដី ស្ថិតក្នុងដីគម្របព្រៃព្រៃឈើ នៅត្រង់ចំណុចជើងភ្នំបូកគោ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងទៀតថា ក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសការទន្ទ្រានដីរដ្ឋដោយឥតមានច្បាប់អនុញ្ញាត រយៈពេល ២ថ្ងៃនេះ កំលាំងចម្រុះ បានធ្វើការឃាត់គ្រឿងចក្រអេស្ការវ៉ាទ័រម៉ាក (Volvo) ពណ៌លឿង ដែលកំពុងកាយដី និងឈូសឆាយជីកគាស់កកាយដីព្រៃឈើ នៅតំបន់ខាងលើ បានមួយគ្រឿង និងសម្ភារៈសម្រាប់ការស្នាក់នៅរបស់កម្មករបើកបរ នៅចំណុចកាយដីនេះ មួយខ្នង។

ជាមួយនឹងការឃាត់គ្រឿងចក្រនេះផងដែរ កំលាំងចម្រុះ ក៏បានឃាត់ខ្លួនអ្នកបើកបរគ្រឿងចក្រ បានម្នាក់ មានឈ្មោះ កាយ សំបូរ ភេទប្រុស អាយុ ៤២ឆ្នាំ (អ្នកបើកបរអេស្កាវ៉ាទ័រ) មានទីលំនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងទៀតថា បើតាមចម្លើយអ្នកបើកអេស្កាវ៉ាទ័រ បានប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នកស៊ីឈ្នួលកាយដីឲ្យម្ចាស់ដី ដែលមានទីតាំងនៅចំណុចនេះ។ ម្ចាស់ដីនេះ មានឈ្មោះទេព កុសល និងប្រពន្ធឈ្មោះ គង់ ម៉ី មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ជុំវិញការចុះបង្ក្រាបបទល្មើសពីកំលាំងសមត្ថកិច្ចខាងលើ ភ្នាក់ងារយើង បានទំនាក់ទំនងតាមទូរសព្ទទៅលោក ទេព កុសល ម្ចាស់ដីខាងលើ ដើម្បីស្រាយបំភ្លឺជុំវិញការចោទប្រកាន់របស់សមត្ថកិច្ចជំនាញ ដែលបានចុះបង្ក្រាបឃាត់គ្រឿងចក្រ និងមនុស្សផងនោះ ត្រូវបានលោក ទេព កុសល ម្ចាស់ដីខាងលើ ប្រាប់អ្នកព័ត៌មានយើង តាមទូរសព្ទ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ថា ដីដែលលោក កំពុងកាយពង្រាបនេះ ជាដីដែលលោកបានទិញពីម្ចាស់ដីមុន ដោយមានបណ្ណលេខ ០១ ត្រឹមត្រូវ។

លោកមិនបានកាយ និងទន្ទ្រានដីព្រៃឈើរបស់រដ្ឋ ដូចសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ចោទប្រកាន់នោះទេ។ ចំពោះថា លោកជីកកកាយដីរដ្ឋ ដោយគ្មានច្បាប់អនុញ្ញាតនោះ លោក ទេព កុសល សូមបញ្ជាក់ថា លោកមិនមែនកាយដីក្នុងដីរបស់លោក ធ្វើអាជីវកម្មនោះទេ គឺលោកកាយពង្រាបដីរបស់លោកឲ្យស្មើ នៅទីតាំងដីរបស់លោកទេ មិនមែនជាកាយដី ដើម្បីធ្វើអាជីវកម្មលក់អាចម៍ដីនោះទេ ហើយការកាយពង្រាបដីនេះទៀតសោត លោកមិនមែនទើបតែកាយថ្មីៗនេះទេ គឺលោកបានធ្វើអស់រយៈពេលពីរឆ្នាំរួចមកហើយ។ រយៈពេល ដែលលោកធ្វើលើដីនេះ កន្លងមក ក៏មានមន្ត្រីជំនាញទៅមើលនៅលើទីតាំងដី ដែលលោក កំពុងធ្វើនេះ ជាញឹកញាប់ផងដែរ តែពុំដែលហាមឃាត់អ្វីនោះទេ។

លោក ទេព កុសល បានបញ្ជាក់ថា មន្ត្រីដែលធ្លាប់ចុះទៅពិនិត្យ នាពេលកន្លងមក មាន៖ មន្ត្រីមន្ទីរបរិស្ថានខេត្ត មន្ត្រីឧទ្យានជាតិ មន្ត្រីរដ្ឋបាលព្រៃឈើកំពត មន្ត្រីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត។ ទាំងបីអង្គភាពនេះ ចុះទៅពិនិត្យជាញឹកញាប់ផងដែរ ខ្លាចក្រែងរូបលោកកាយទន្ទ្រានប៉ះពាល់ដីរដ្ឋ។ ប៉ុន្តែដោយឃើញលោកកាយ និងពង្រាបតែដីរបស់លោក ទើបមន្ត្រី ដែលចុះមកពិនិត្យនោះ មិនដែលណែនាំអ្វីដល់រូបលោកទេ នាពេលកន្លងមក។

លោក ទេព កុសល បានឲ្យដឹងទៀតថា ដីដែលលោកកាយពង្រាបនេះ មិនទាន់ដល់ព្រំដី ដែលមាននៅក្នុងបណ្ណលេខ០១ ដែលលោកទិញពីម្ចាស់មុននោះផង ហើយនៅខាងលើដីរបស់លោក ក៏មានដីអ្នកផ្សេង ដែលកំពុងកាប់ត្រាច ព្រមទាំងធ្វើរបងលួសព័ទ្ធលើដីទាំងនោះផងដែរ។

ចំណែកដីរបស់លោក មានបណ្ណលេខ០១ ត្រឹមត្រូវ ហើយនៅខាងក្រោមដីអ្នកផ្សេងទៀត។ តែពេលនេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើកំពត បានដឹកនាំកំលាំងសមត្ថកិច្ចមកបង្ក្រាបទីតាំងដីរបស់លោក ព្រមទាំងឃាត់គ្រឿងចក្រ និងមនុស្ស អ្នកបើកបរលោក ក៏មិនជំទាស់ជាមួយច្បាប់ដែរ ទុកឲ្យច្បាប់ ដោះស្រាយរកយុត្តិធម៌ ជូនលោកផងចុះ៕

ដកស្រង់ពី៖កោះសន្តិភាព