Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ៥​នាក់ និង​គ្រឿងញៀន​ជាង ១១ គ​.​ក ត្រូវបាន​បង្ក្រាប នៅ​ព្រំដែន​វៀតណាម ក្នុង​ខេត្តស្វាយរៀង និង​នៅ​ភ្នំពេញ​

  • Print

ខេត្តស្វាយរៀង៖ សមត្ថកិច្ច បានបើកប្រតិបត្តិការ តាមប្រម៉ាញ់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ជាជនជាតិវៀតណាម ០៣នាក់ និងជនជាតិខ្មែរ ០២នាក់ រឹបអូសបានគ្រឿងញៀនចំនួន ១១,៣៤៤.៧៤ ក្រាម និងទឹកថ្នាំសង្ស័យគ្រឿងញៀន ០១ដប។

ក្រៅពីនោះ ប៉ូលិស ក៏បានរឹបអូសរថយន្ត ០១គ្រឿង ម៉ាក CRV ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AE-6174 ព្រមទាំងទូរស័ព្ទ ០១គ្រឿង។នេះគឺជាការបង្ក្រាបគ្រឿងញៀនបានទ្រង់ទ្រាយធំ ក្នុងអំឡុងពេលកូវីដ បន្ទាប់ពីប៉ូលិសចាប់បានគ្រឿងញៀនជាច្រើនគីឡូក្រាម កាលពីសប្តាហ៍មុន នៅក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលក្រុមឧក្រិដ្ឋជន បានរត់គេចចូលទឹកដីវៀតណាម។

សមត្ថកិច្ច ឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២០ និង ៣០នាទី នៅលើផ្លូវជាតិលេខ១ ចំណុចគោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ គ្រឿងញៀន និងអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ជនសង្ស័យទាំង ៥នាក់ ដែលត្រូវចាប់ខ្លួន រួមមាន៖ ១-ឈ្មោះ ហ៊ួ តឹក ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជននេះ ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនពីភ្នំពេញ មកស្វាយរៀង។ គ្រឿងញៀន ដែលចាប់យកវត្ថុតាង រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ១០កញ្ចប់ធំ ទម្ងន់ ៩,៩៥៨.៦២ក្រាម។ ថ្នាំញៀនប្រភេទកេតាមីន ចំនួន ០២កញ្ចប់ធំ ទម្ងន់ ១,៣៦៥.១៣ក្រាម។ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ០៣កញ្ចប់តូច ទម្ងន់ ២០.៩៩ក្រាម។ ទឹកថ្នាំដប សង្ស័យជាសារធាតុញៀន ចំនួន ០១ដប។ រថយន្ត ០១គ្រឿង ម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-6174។

ទូរសព្ទដៃ ០១គ្រឿង។ ប្រភពបន្តទៀតថា ក្រោយពីឃាត់ខ្លួន សាកសួរ កម្លាំងសមត្ថកិច្ចយើង បានបន្តស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យ ដែលជាបក្ខពួកនៅរង់ចាំដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅកាន់ប្រទេសវៀតណាម នៅចំណុចឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានចំនួន ០២នាក់បន្ថែមទៀត រួមមាន៖១.ឈ្មោះ នុត ប៊ុនធឿន ភេទ ប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ (ជាមុខសញ្ញាដឹកជញ្ជួនគ្រឿងញៀនឆ្លងដែន)។

២.ឈ្មោះ ឡេ យាំងគួ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ (ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តស្វាយរៀង និងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (ការិយាល័យ ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្តមសេនីយ៍ទោ ហៀប ដារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបក្ខពួក ចំនួន ០២នាក់បន្ថែមទៀត នៅចំណុចខុនដូ លេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ រួមមាន៖ ១.ឈ្មោះ ង្វៀង ថាន់លីន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចខុនដូលេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន) ២.ឈ្មោះ ហេង សុវុត្ថា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បកប្រែភាសាចិន) មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល (ជាមុខសញ្ញាជួញដូរគ្រឿងញៀន) និងជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ធនាគារ នៅខេត្តស្វាយរៀង រយៈពេល ០៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យ នៅភ្នំពេញ ប៉ូលិសបានចាប់យកវត្ថុតាងថ្នាំញៀន ចំនួន ០៣កញ្ចប់ ព្រមទាំងឧបករណ៍ សំភារៈមួយចំនួនទៀត។ នៅព្រឹកថ្ងៃទី១០ឧសភា ឆ្នាំ២០២១នេះ ជនសង្ស័យទាំង ០៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព