កាំភ្លើងកែច្នៃ ១៤០ដើម ដែលដកហូតពីពលរដ្ឋ និងប្រព្រឹត្តបទល្មើសកន្លងមក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការដុតកម្ទេចចោល
- Details
- Category: Social Security News
ខេត្តបន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានធ្វើការដុតកម្ទេចកាំភ្លើងកែច្នៃជាង ១៤០ដើម ដែលបានដកហូតពីប្រជាពលរដ្ឋ ក៏ដូចពីអ្នកប្រព្រឹត្តបទល្មើសកន្លងមក ក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ។
នេះបើយោងតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ។ លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា កាំភ្លើង ដែលបានដុតចោលថ្ងៃនេះ គឺជាកាំភ្លើងកែច្នៃពីឈើ មានដូចជាកាំភ្លើងបាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុបជាង១៤០ដើម។
កាំភ្លើងទាំងនេះ គឺបានប្រមូលពីប្រជាពលរដ្ឋទាំង ៩ស្រុក/ក្រុង ក្នុងខេត្តកន្លងមក ដែលប្រព្រឹត្តបទល្មើស និងអ្នករក្សាទុក ដើម្បីបាញ់សត្វផ្សេងៗ តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ននេះ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា ការដុតកម្ទេចកាំភ្លើងកែច្នៃថ្ងៃនេះ គឺជាការរួមចំណែកធ្វើយ៉ាងណា ឱ្យភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ អំពើហឹង្សា និងការប្រើប្រាស់ល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋាន។
ឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការកែច្នៃ ផលិត ឬរក្សាទុកកាំភ្លើងកែច្នៃ ឬគ្រាប់យុទ្ធភ័ណ្ឌផ្សេងៗ ត្រូវសហការ និងប្រគល់ជូនសមត្ថកិច្ច ក្នុងករណីរកឃើញថា មានបទល្មើស នឹងត្រូវផ្ដន្ទាទោសតាមច្បាប់៕ ណុប រក្សា
ដកស្រង់ពី៖ កោះសន្តិភាព