Social Network

ឆ្លង​ចរន្ត​អគ្គីសនី​ឆាបឆេះ​ផ្សារ​ដំបូល​ខៀវ​ឆេះ​តូប​អស់​ចំនួន​៦​តូប​

តូបចំនួន៦ត្រូវបានអគ្គិភ័យលេបត្របាក់ ខ្ទិចអស់ កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្សារដំបូលខៀវ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ។

តាមប្រភពពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លោកឧកញ៉ា កាំង ឡេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ អគ្គនាយកផ្សារ ដែលមានអ្នកគ្រប់គ្រងផ្សារឈ្មោះ សុង គឹមហួរ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផ្សារ ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីការ ឆឆ្លងចរន្ដអគ្គិសនីឆេះផ្សារទំហំ បណ្តោយ២០០ម៉ែត្រ ទទឹង១២ម៉ែត្រ ឆេះអស់តូបចំនួន៦តូបថ្មប្រក់ស័ង្កសីនឹងសម្ភារៈក្នុងតូបអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២៤គ្រឿង ប្រើប្រាស់ទឹកអស់ ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹក អស់ ២ឡាន, រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង ៦ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ISI ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រ នាថ្ងៃដដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា