Social Network

រថយន្ត​ពេទ្យ បុក​ជាមួយ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់​

បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរពេទ្យ និងបុរសពីរ នាក់ទៀត បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរថយន្តពេទ្យមួយគ្រឿងបានជ្រុលបុកជាមួយរថយន្តហាយលែនឌ័រ បណ្តាលឲ្យរថយន្តហាយលែនឌ័រវិលមួយជុំបោកផ្ទប់នឹងបង្គោលភ្លើងថ្មពេញទំហឹង កាលពី វេលាម៉ោង១១និង២០នាទីយប់ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្តុបវត្តអង្គតាមិញ តាមបណ្ដោយផ្លូវ២០០៤ កែងផ្លូវអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលស្លាប់អ្នកបើកបររថយន្តហាយលែនឌ័រមានឈ្មោះ រឿង សារ៉ាយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគក់ជេដី មានស្រុកកំណើត ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកអ្នករងបួសធ្ងន់បើកបររថយន្តពេទ្យនិងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមសន្តិសុខម្នាក់ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគាត់ឃើញបុរសម្នាក់បើករថយន្តហាយលែនឌ័រ ពណ៌ខៀវ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ២X-៤៥០៥ ធ្វើដំណើរតាមបណ្ដោយផ្លូវអង្គតាមិញទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបផ្លូវបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តមន្ទីរសុខាភិបាលនៃ រដ្ឋបាលរាជធានីភ្នំពេញ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង បើកបរដោយបុរសម្នាក់រួមដំណើរ នឹងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ទិសដៅពីលិចទៅកើត ដោយមានបំពាក់ភ្លើងសញ្ញាសូមផ្លូវត្រឹមត្រូវ បានជ្រុលចង្កូតទៅបុក បញ្ឆិតគូទរថយន្តហាយលេនឌ័រផ្នែកខាងស្ដាំ បណ្ដាលឲ្យរថយន្តហាយលែនឌ័រ វិល មួយជុំទៅបោកផ្ទប់នឹងបង្គោលភ្លើងថ្មនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តហាយលែនឌ័រកៀបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ដោយអកុសលជនរងគ្រោះរបួសធ្ងន់ពេកបានស្លាប់បាត់បង់ជីវិតត្រូវបាន រថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។

ចំណែកអ្នកបើកបររថយន្តពេទ្យ និងអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

ដកស្រង់ពី៖ រស្មីកម្ពុជា