Social Network

បញ្ជូន​ជនសង្ស័យ​ ៣​នាក់ ទៅ​តុលាការ ករណី​លួច​គាស់​យក​សម្ភារ​ក្នុង​រោងចក្រ ចែករំលែក

ករណីចោរកម្មមួយ ដោយក្រុមជនសង្ស័យបានគាស់ក្នុងរោងចក្រ លួចយកសម្ភារយ៉ាងសកម្ម ត្រូវបានកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ករណីចោរកម្មខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០២និង៣៩នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ដោយក្រុមជនសង្ស័យចំនួន០៤នាក់ បានគាស់ចូលរោងចក្រ Wing Star Shoes Co.Ltd ស្ថិតនៅភូមិភោគ ឃុំវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានចូលតាមបង្អូចឃ្លាំងរោងចក្រខាងលើ លួចយកស្បែកជើងម៉ាក Asics ចំនួន៣៣កេះ ស្មើនឹង៣៩៤គូរ និងប្រាក់ចំនួន ៤០០.០០០រៀល រួចគេចខ្លួនបាត់អស់ ។

ក្រោយពីទទួលពាក្យបណ្តឹងពីម្ចាស់រោងចក្រខាងលើ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចាត់កម្លាំងស៊ើបអង្កេត ដឹកនាំលោកវរសេនីយ៍ឯក ស៊ិន សុផល នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងដោយមានការអនុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋានលេខ១១០ ផ្លូវបេតុង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរកឃើញស្បែកជើងម៉ាក Asics ដែលមានលេខកូដដូចស្បែកជើង ដែលបានបាត់ ចំនួន ១៤៩គូ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០៣នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ៖ ទី១. ឈ្មោះ ប៉ាក លី ហៅចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ ទី២. ឈ្មោះ លេង វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ កម្មករសំណង់ (ធ្លាប់ជាប់ពន្ធនាគារ) និងទី៣. ឈ្មោះ ផា ចាន់រិទ្ធ ហៅការ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ រត់តាក់ស៊ី (អ្នកទទួលផលចោរកម្ម) ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព