Social Network

ម៉ូតូ​កម្មករ ចត​ក្នុង​រោងចក្រ​ស៊ី​កូ ក្រុង​បា​វិត ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ជា​ច្រើន​គ្រឿង ដោយ​មិនដឹង​មូលហេតុ

ម៉ូតូរបស់កម្មករ យ៉ាងហោចណាស់ជាង ២០គ្រឿង ដែលចតនៅទីតាំងចំណត នៅរោងចក្រស៊ីកូ ស្ថិតក្នុងក្រុងបាវិត ត្រូវបានអគ្គិភ័យឆាបឆេះសល់តែគ្រោងឆ្អឹង ដោយមិនដឹងពីមូលហេតុ ។

ហេតុការណ៍អគ្គិភ័យនេះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករកម្មការិនី កាលពីវេលាម៉ោងប្រមាណ១ និង៤០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងរោងចក្រស៊ីកូ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង ។ សេចក្តីរាយការណ៍ជាបឋម បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្មកររោងចក្រ បានចូលធ្វើការជាធម្មតា ស្រាប់តែមានអណ្ដាតភ្លើង និងផ្សែងហុយចេញពីកន្លែងចំណតម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ខណៈនោះក៏មានសន្តិសុខបានចុះជួយ ដោយយកបំពង់ពន្លត់អគ្គិភ័យ បាញ់ទៅលើម៉ូតូ ដើម្បីពន្លត់អគ្គិភ័យដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបធ្វើឲ្យម៉ូតូជាច្រើនគ្រឿងឆេះសល់តែគ្រោងឆ្អឹង ។ អគ្គិភ័យបានរលត់អស់ទាំងស្រុង នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលនេះ ។ សមត្ថកិច្ច និងភាគីខាងរោងចក្រ បាននិងកំពុងស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យឆាបឆេះអស់ម៉ូតូជាច្រើនគ្រឿងនេះ បើតាមការប៉ាន់ស្មាន អាចខូចខាតប្រមាណរាប់ម៉ឺនដុល្លារឯណោះ ។ ទោះជាយ៉ាងណា មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ៕

ដកស្រង់ពី៖ កោះសន្តិភាព