Social Network

លោក សៅ សុខា បញ្ជា​ឲ្យ​រក​មូលហេតុ​ពិត ករណី​ស្លា​.​ប់​បុរស​ម្នាក់​ ខណៈ​អាវុធហត្ថ​ខេត្តកំពង់ធំ​បង្ក្រាប​ទីតាំង​ជល់​មាន់​តាម​អន​ឡាញ

បន្ទាប់ពីមានការចែកចាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Nearadey Din កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធករណីឪពុករបស់នាង ដែលមានឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លា.ប់ ក្នុងរវង់ប្រតិបត្តិការកម្លាំងអាវុធហត្ថ ពេលចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញមួយកន្លែង ត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា ការស្លា.ប់នេះបណ្តាលមកពីកម្លាំងអាវុធហត្ថនោះ ទើបលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានចេញបញ្ជាទៅដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ បើកការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ ។

តាមរយៈសារជាសំឡេងរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់ឲ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវសហការជាមួយក្រុមការងារ ដែលត្រូវបានចាត់តាំងពីថ្នាក់លើទៅ ដើម្បីស្រាវជ្រាវរកឲ្យឃើញការពិតក្នុងករណីខាងលើនេះ និងបានបញ្ជាឲ្យឃាត់កងរាជអាវុធហត្ថពាក់ព័ន្ធ ទុកនៅម្តុំសិន គឺកម្លាំងកងរាជអាវុធហត្ថ ដែលចុះធ្វើប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់តាមអនឡាញមួយកន្លែង ក្នុងខេត្តកំពង់ធំ ។ សារជាសំឡេងរបស់នាយឧត្តមសេនីយ៍ សៅ សុខា និយាយខ្លាំងៗ ច្បាស់ៗ យ៉ាងម៉ឺងម៉ាត់ថា លោកមិនអាចបណ្តែតបណ្តោយ និងអត់ឱនឲ្យកងរាជអាវុធហត្ថរូបណា ដែលប្រើហិង្សាលើប្រជាពលរដ្ឋ រហូតដល់បាត់បង់ជីវិតនោះឡើយ ។

លោកបញ្ជាថា ៖ «ឥឡូវ ចំពោះមុខ ខ្ញុំសូមឲ្យឃាត់ខ្លួនទាំងអស់ ដែលមានការពាក់ព័ន្ធទុកម្តុំសិន រង់ចាំការស្រាវជ្រាវ ហើយបើការស្រាវជ្រាវរកឃើញថា អ្នកដែលស្លា.ប់ ស្លា.ប់ដោយសារទារុណកម្មរបស់កងរាជអាវុធហត្ថ បុគ្គលណាប្រព្រឹត្ត គឺត្រូវតែកសាងសំណុំរឿង អនុវត្តច្បាប់ចំពោះបុគ្គលនោះ ដោយគ្មានការយោគយល់ទេ»។ នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងក្នុងឋានៈលោកជាអ្នកទទួលខុសត្រូវ ចាំបាច់ត្រូវតែចេញបញ្ជាចាត់វិធានការលើរឿងនេះជាមុន ដោយមិនចាំបាច់ទាល់តែសម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ ឬនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចេញបញ្ជាដាក់លោកនោះទេ ។

បើតាមការបង្ហោះសារលើគណនីហ្វេសប៊ុក Nearadey Din ថា កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ថា នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឪពុករបស់នាងឈ្មោះ សួង ឌ័ន វ័យ៤៧ឆ្នាំ មកពីប្រជុំវិញ ចៃដន្យមេឃភ្លៀង គាត់ក៏បានចូលជ្រកនៅតូបកាហ្វេមួយកន្លែង ។ មិនបានប៉ុន្មាន ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថ ចុះទៅបង្ក្រាបទីតាំងនោះ ហើយចាប់ឪពុករបស់នាងសង្កត់ត្រង់ក រហូតគាត់ដកដង្ហើមមិនចេញ ។ ឪពុករបស់នាង ក៏ស្រែកអោយគេយកទៅពេទ្យ តែបែរគិតថា ឪពុករបស់នាងយកលេស ទៅវិញ រហូតគាត់បានផុតដង្ហើម នៅលើរថយន្តសង្គ្រោះ ។ អនុវត្ដច្បាប់ តែគ្មានការទទួលខុសត្រូវ អយុត្តិធម៍ណាស់សម្រាប់គ្រួសារខ្ញុំ ជួយរកយុត្តិធម៍ឲ្យខ្ញុំផង ។

ឪពុកខ្ញុំគាត់ជាមនុស្សស្លូតត្រង់ ស្រឡាញ់គោរពអ្នកភូមិ អ្នកណាក៏ស្រឡាញ់ចូលចិត្តគាត់គ្រប់គ្នា គាត់ក៏មិនព្រមដោយគ្មានយុត្តិធម៌បែបនេះដូចគ្នា ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រាយការណ៍អំពីការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ដែលប្រព្រឹត្តលេងល្បែងស៊ីសង (មាន់ជល់តាមប្រព័ន្ធអនឡាញ) ក្នុងចំណោមនោះ មានជនសង្ស័យឈ្មោះ សួង ឌ័ន ម្នាក់ផងដែរ ក្នុងពេលដែលបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ពេលដែលកំពុងធ្វើដំណើរនោះ ដល់មុខវត្តបល្ល័ង្ក ភូមិបល្ល័ង្ក ស្រុកបារាយណ៍ ឈ្មោះ សួង ឌ័ន ក៏បាននិយាយថា មិនស្រួលខ្លួន ស្របពេលនោះជនសង្ស័យនោះ មានអាការស្លេកស្លាំង ដកដង្ហើមកាន់តែញាប់ ពេលនោះកម្លាំងកងរាជអាវុធហត្ថបានជួយធ្វើចលនាបេះដូង និងបន្តដំណើរបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសន្ទុក បារាយណ៍ ខេត្តកំពង់ធំ ដើម្បីឱ្យគ្រូពេទ្យធ្វើការសង្គ្រោះ ប៉ុន្តែពេលដល់មន្ទីរពេទ្យឈ្មោះ សួង ឌ័ន បានស្លាប់បាត់បង់ជីវិត ។

រីឯការចុះផ្សាយនូវព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Nearadey Din នៅថ្ងៃទី០៧ សីហា កងរាជអាវុធហត្ថ ទទួលយកនូវព័ត៌មាននេះ ដើម្បីយកទៅធ្វើការស្រាវជ្រាវរកសាក្សី និងភស្តុតាងបញ្ជាក់បន្ថែម ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ជូនក្រុមគ្រួសារនៃស.ពឲ្យបានជ្រាបថា កងរាជអាវុធហត្ថ នឹងធ្វើការស៊ើបសង្កេត ស្រាវជ្រាវករណីនេះ ឲ្យបានច្បាស់លាស់ ត្រឹមត្រូវតាមច្បាប់ រកយុត្តិធម៌ជូនក្រុមគ្រួសារនៃស.ព តាមរយៈការចុះធ្វើចំពោះកិច្ចដល់កន្លែងកើតហេតុ ដោយក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

ដកស្រង់ពី៖ កោះសន្តិភាព