Social Network

នគរបាល​ខណ្ឌដូនពេញ បង្ក្រាប​ក្រុម​បង្ហោះ​ម៉ូតូ និង​បំពាក់​ស៊ី​ម៉ាំង​ឮ​សំឡេង​ខ្លាំង សរុប​២៥​គ្រឿង

រាជធានីភ្នំពេញ ៖ ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងខុសបច្ចេកទេស បង្កការរំខាន ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្ក្រាបចាប់ឃាត់ម៉ូតូចំនួន២៥គ្រឿង (១៨គ្រឿងបំពាក់ស៊ីម៉ាំងប្រែន) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មីនានេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ក្រាបក្រុមម៉ូតូបំពងសំឡេងខុសបច្ចេកទេស (ស៊ីមាំងប្រែន) និងក្រុមបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលធ្វើអោយមានការរំខានការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាបង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរថ្មើរជើង ឬយានជំនិះ ជាលទ្ធផល សមត្ថកិច្ចធ្វើការបង្ក្រាបបានចំនួន ២៥គ្រឿង ដើម្បីយកមកធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្ត ក៏ដូចជាការអនុវត្តន៍ ការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៃចរាចរណ៍ផ្លូវគោក ។

លោកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សំណូមពរអោយប្អូនៗ បញ្ឈប់សកម្មភាពក្នុងការប្រើប្រាស់ម៉ូតូកែច្នៃខុសបច្ចេកទេស (ស៊ីម៉ាំងប្រែន) និងបញ្ឈប់ការបង្ហោះម៉ូតូ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងសង្គម ។ សមត្ថកិច្ច ក៏បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ហើយតម្រូវឲ្យម្ចាស់ម៉ូតូ ត្រូវយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព