Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យពី​រោង​ឆ្អើរត្រី ឆេះ​រាលដាល​ផ្ទះ​ប្រជាពលរដ្ឋ​អស់​២៥​ខ្នង នៅ​ភូមិ​ផ្សារឆ្នាំង

  • Print

ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យមួយបណ្ដាលឲ្យឆេះផ្ទះចំនួន ២៥ខ្នង នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្ដាលមកពីឆេះផ្ទះឆ្អើរត្រី ហើយរហូតដល់វេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃដដែល ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង ក្រោមកិច្ចអន្តរគមន៍របស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងប្រជាពលរដ្ឋប្រើម៉ាស៊ីនបូមទឹកពីទន្លេ ជួយបាញ់ពន្លត់ផងដែរ ។

លោកស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អគ្គិភ័យនេះ បានឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣៣គ្រួសារ (ស្មើនឹង២៥ខ្នងផ្ទះ) នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោកស្នងការរង បានបញ្ជាក់ថា ចំពោះមូលហេតុ គឺអគ្គិភ័យឆាបឆេះចេញពីរោងឆ្អើរត្រី នៅផ្ទះឈ្មោះ ហ៊ន ប៊ុនលី អាយុ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ សួន តារាមុន្នី ដោយភ្លើងចាប់ផ្ដើមពីផ្ទះឆ្អើរត្រី នៅផ្នែកខាងក្រោយ ហើយបានឆេះរាលដាល មកខាងមុខផ្ទះ និងបន្តទៅផ្ទះអ្នកដទៃ ដែលសុទ្ឋតែជាផ្ទះឈើសង់នៅជាប់ៗគ្នា ។

ក្នុងកិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តចំនួន ១០គ្រឿង ក្នុងនោះ នៅស្នងការដ្ឋាន០៥គ្រឿង និងមកពីបណ្តាស្រុកក្រុង០៥គ្រឿង ដោយប្រើប្រាស់ទឹកចំនួន ១៥០រថយន្ត ។

ពេលនោះ គេសង្កេតឃើញវត្តមានលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមជួយក្នុងកិច្ចរាគមន៍ពន្លត់អគ្គិភ័យនោះដែរ ។ អភិបាលខេត្តកំពង់ឆ្នាំង សម្តែងនូវក្តីរន្ធត់ និងចូលរួមចំណែករំលែកទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ហើយនៅរសៀលថ្ងៃដដែលនេះ លោកនឹងនាំយកអំណោយកាកបាទក្រហម មកជូនគ្រួសាររងគ្រោះជាបន្ទាន់ ដើម្បីជួយដោះទុកលំបាករបស់បងប្អូន ។

អភិបាលខេត្ត ក៏បានអោយដឹងដែរថា នៅតំបន់នេះ គឺសុទ្ធតែអ្នកប្រកបមុខរបរឆ្អើរត្រី ហើយអគ្គិភ័យគឺងាយនឹងឆាបឆេះខ្លាំងណាស់ កន្លងទៅ ក៏ធ្លាប់ឆេះជាច្រើនសារមកហើយ ។ ពេលខាងមុខ លោកនឹងរៀបគម្រោងរកដីទំនេរមួយកន្លែង ដើម្បីឲ្យពួកគាត់ដាក់រោងឆ្អើរត្រី នៅដាច់ដោយឡែកពីផ្ទះរស់នៅ ងាយស្រួលដល់ឡានទឹក ចូលបាញ់ពន្លត់អគ្គភ័យ ផងដែរ ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត មិនចាំបាច់តែអ្នកឆ្អើរត្រីនោះទេ ត្រូវប្រុងប្រយ័ត្នគ្រប់ៗគ្នា ព្រោះរដូវនេះ ជារដូវរាំងស្ងួត ហើយងាយនឹងឆាបឆេះខ្លាំងណាស់ ហេតុនេះតាមខ្នងផ្ទះ គួរតែមានបំពង់ពន្លត់អគ្គិភ័យគ្រប់គ្នាផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព