Social Network

ភ្នំពេញៈ រថយន្តតូច បំពាក់បំពង់សម្លេង លាន់ឮខ្លាំងៗ បង្កភាពអនាធិបតេយ្យ លើដងមហាវិថី ៣០ ម៉ែត្រ ក្បែរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានចាប់ឃាត់ ដោយគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្

លោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដែលបានដឹកនាំ កម្លាំងចម្រុះ ចុះប្រមូលរថយន្តបង្កភាពអនាធិបតេយ្យ ដោយបំពាក់បំពង់បំពងសម្លេង លាន់ឮខ្លាំងៗ ធ្វើសកម្មភាពលើមហាវិថី ៣០ ម៉ែត្រ ក្បែរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ថាៈ ក្រុមរថយន្តតូច ដែលបានកែច្នៃបំពង់សម្លេង និងធ្វើសកម្មភាពអនាធិបតេយ្យ ពេលយប់ចំនួន ១៦ គ្រឿង ត្រូវបានចាប់ឃាត់ ដោយគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថាៈ រថយន្តដែលបានឃាត់ ដោយរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកនេះ ដើម្បីធ្វើការត្រួតពិនិត្យ លក្ខណៈបច្ចេកទេស រថយន្ត ពិនិត្យច្បាប់ទម្លាប់ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព អនាធិបតេយ្យ លើផ្លូវ សាធារណៈ។ លោក ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលផែន ចរាចរណ៍ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៧ ខែមីនាថាៈ បញ្ហារថយន្តបំពង សម្លេងខ្លាំងៗនេះ មួយរយៈចុងក្រោយនេះ មានប្រជាពលរដ្ឋ ប្តឹងច្រើនដោយសារ ក្រុមឡាន បានបង្កភាពអនាធិបតេយ្យ កាន់តែច្រើន នៅលើផ្លូវមុខក្រសួងដែនដី។

រថយន្តបង្កសម្លេងខ្លាំងៗនេះ ត្រូវបានចាប់ឃាត់ជាបន្តបន្ទាប់ ដោយមានរថយន្តខ្លះ ត្រូវបានចាប់ឃាត់ចំនួន ពីរ បី ដងរួចហើយ តែនៅមិនព្រមឈប់។ លោកស្នងការរង បានបញ្ជាក់ថាៈ រថយន្តដែលបានឃាត់កំពុងពិនិត្យ រថយន្តខ្លះ អត់ ស្លាកលេខ ខ្លះមានឯកសារមិនគ្រប់គ្រាន់ ត្រូវអនុវត្តទៅតាមច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា