Social Network

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ប្រដេញ​ចាប់​បាន​ជនសង្ស័យ​២​នាក់ ឆក់​ទូរ​សព្ទ​ជនបរទេស

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២១និង១៥នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណរដ្ឋ ចុះល្បាតតាមបណ្តោយផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទពីនារីរងគ្រោះ (ជនបរទេស) ដែលកំពុងជិះម៉ូតូ២នាក់បានសម្រេច ភ្លាមនោះកម្លាំងជំនាញធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទើបឃាត់បានជនសង្ស័យចំនួន០២នាក់។

ជនសង្ស័យទាំង០២នាក់ រួមមាន៖ ១. ឈ្មោះហ៊ឹម លាងហៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅអគ្គិសនី ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(អ្នកបើក)។

២. ឈ្មោះ រិន រី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីកន្លែងស្នាក់នៅជួល ផ្លូវលេខ៩៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(ដៃដល់)។ សម្ភារដកហូតរួមមាន៖

១.ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1KB-5998(របស់ជនសង្ស័យ) ២.ទូរសព្ទដៃអាយហ្វូន១៣(របស់ជនរងគ្រោះ) ទូរសព្ទខាងលើកម្លាំងជំនាញបានប្រគល់អោយនារីរងគ្រោះជនបរទេសវិញ។ បច្ចុប្បន្ន ការិយាល័យជំនាញ បាននាំជនសង្ស័យខាងលើមក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព