Social Network

ឆក់​ទូរ​សព្ទ​ហើយ រត់ឡើង​ម៉ូតូ​គេចខ្លួន អាវុធហត្ថ​តាម​ចាប់​បាន​ទាំង​០៣​នាក់

រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា កាលពីវេលាម៉ោងប្រមាណ០៧ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរសព្ទដៃមួយកើតឡើងត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរសព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់ (ប្រុស០១ ស្រី០១) ជិះគេចខ្លួនតែម្តង តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរ បានឃើញ ក៏បានធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ២២២ កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ តែម្តង។

ជនសង្ស័យទាំង០៣នាក់ រួមមានឈ្មោះ ៖ ១- ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ, ៣- ឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ សាន រីដា (ហៅដឺ) បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើ សកម្មភាពឆក់ទូរសព្ទដៃពី ជនរងគ្រោះជាបរទេស ដែលកំពុងដើរលើចិញ្ចើមពិតមែន ដោយខ្លួនបានប្រើប្រាស់ថ្នាំញៀន អស់រយៈពេល០៥ឆ្នាំមកហើយ។

រីឯជនសង្ស័យឈ្មោះ ទក ពិសិដ្ឋ បានសារភាពឲ្យដឹងដែរថា កន្លងមកខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃ.ស រយៈពេល០៥ឆ្នាំ ពីបទវាយប្លន់ជនបរទេសផងដែរ ។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រគល់ឲ្យជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព