Social Network

ជិះរថយន្តតាក់ស៊ី មកពីលេងបងប្អូននៅខេត្តតាកែវ ចុះបត់ជើងតូចដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្ត មិនចាំម៉ាកនិងផ្លាកលេខ បុកកិនបែកក្បាលធ្លាយខួរបណ្តាលឲ្យស្លាប់ភ្លាមៗ ខណ:ចុះពីលើរថយន្តតាក់ស៊ីដើរឆ្លង់ផ្លូវបម្រុងទៅបត់ជើងតូច ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ជាង៣រសៀលថ្ងៃទី ១៤ខែមិថុនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះនេះមោះ កាន់ ម៉េងលាង អាយុ ៣១ ឆ្នាំមុខរបរកសិករមានស្រុកកំណើតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីលោក ម៉េង វែង ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំងពីរនាក់ បានជិះរថយន្តតាក់ស៊ីពីស្រុកកំណើតរបស់គាត់ នៅឯស្រុកល្វាឯម ទៅលេងកូនប្រុសបង្កើត របស់គាត់ម្នាក់ទៀត នៅឯម្ដុំវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវហើយក៏បានហៅរថយន្តតាក់ស៊ីនាំគ្នាជិះត្រឡប់ទៅស្រុកកំណើតវិញ ។

ខណៈមកដល់ចំណុចកើតហេតុខាងលើ កូនប្រុសរបស់គាត់ដែលជាជនរងគ្រោះ បានប្រាប់តៃកុងតាក់ស៊ីឲ្យឈប់រថយន្ត ដើម្បីចុះបយ់ជើងតូច។ ខណៈនោះអ្នកបើករថយន្តតាក់ស៊ី ក៏បានអែបរថយន្តមកខាងស្ដាំដៃ ហើយជនរងគ្រោះក៏បានដើរឆ្លងផ្លូវទៅគុម្ពោតព្រៃដើម្បីឈរនោម ។

ពេលកំពុងដើរឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកមិនចាំផ្លាកលេខបានបុកកិនអូសជាច្រេីនម៉ែត្របណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ហើយអ្នកបើកបររថយន្តបង្កខាងលើ ក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ចំណែកអ្នកបើកបររថយន្តតាក់ស៊ីខាងលើនេះ ឃើញហេតុការណ៍ដូច្នេះ ក៏បានបើករថយន្តទៅបាត់តែម្ដងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ព្រៃកំពឹស សហការជាមួយនឹងកម្លាំងនគរបាលជំនាញចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងបានឆែកមើលតាមកាំមេរ៉ាសុវត្ថិភាព ដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត និងរថយន្តបង្ក យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។

ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅ ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដកស្រង់ពី៖រស្មីកម្ពុជា