Social Network

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជា​មុខសញ្ញា​លួច​ម៉ូតូ​ឆ្លងខេត្ត

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ សហការជាមួយនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីកាច់សោលួចម៉ូតូ កាលពីវេលាម៉ោង០៨និង ១៥នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការតាហៀវ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

លោកអធិការស្រុកតាលោសែនជ័យ បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានតាមរយៈទូរសព្ទពីប្រជាពលរដ្ឋជាម្ចាស់ម៉ូតូ នៅវេលាម៉ោង០៩និង២៤នាទីព្រឹកថ្ងៃទី១១ មិថុនា លោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុង ចំនួន០៣នាក់ សហការជាមួយកម្លាំងអន្តរាគមន៍អធិការស្រុកតាលោសែនជ័យ ចំនួន០៥នាក់ និងលោកមេភូមិជ្រៃក្រឹម រួមនិងប្រជាការពារចំនួន ០៤នាក់ បានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យ និងស្រាវជ្រាវឃើញថា ម៉ូតូដែលត្រូវបានចោរលួចម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ សេរីឆ្នាំ២០២២ គ្មានស្លាកលេខ ។

លោកអធិការ បានបន្តថា នៅព្រឹកថ្ងៃទី១២ មិថុនា កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំង បានសហការធ្វើការស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញា ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមាន ៖

ទី១-ឈ្មោះ ផាត់ អេងជុំ (ហៅអាកង្កែប) ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ទី២-ឈ្មោះ ស្វាយ ផង់ (ហៅម៉មចិត្ត) ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

កម្លាំងជំនាញធ្វើការដកហូតវត្ថុតាង រួមមាន ៖

-ម៉ូតូមួយគ្រឿងម៉ាក់ វ៉េវអាល់ហ្វា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខ

-សោ អក្សរតេ សម្រាប់កាច់កម៉ូតូ

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២សន្លឹក

-កាតវ៉ាក់សាំង ០១សន្លឹក

-កាបូបស្ពាយពណ៌ក្រហមចំនួន០២ ។

ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនមានមធ្យោបាយដោយម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សម្រាប់ធ្វើសកម្មភាពជាប្រចាំ មុននឹងពួកខ្លួនចេញធ្វើសកម្មភាព មានគ្នាបីនាក់ បានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាព លួចកាច់សោ.កម៉ូតូ០១គ្រឿង នៅចំណុចខាងលើពិតប្រាកដមែន កាលពីថ្ងៃទី១១ ខែមិថុនា ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ៕

ដកស្រង់ពី៖កោះសន្តិភាព