Social Network

ករណីក្មេងទំនេីង នៅស្រុកមង្គលបូរី ដែលលើកគ្នាវាយកាប់ចាក់ ព្រោះគំនុំ ត្រូវសមត្ថកិច្ចបង្ក្រាបហើយ

បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានឃាត់ខ្លួនក្មេងទំនេីង ចំនួន ៤នាក់ ករណីធ្វើឱ្យខូចខាត ដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង ២១និង៤៦ នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួននេះ អនុវត្តតាមពាក្យបណ្តឹងរបស់ឈ្មោះ ញិប សេងហួរ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រីចាន់រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថស្រុក បានឱ្យដឹងថាៈ ជនសង្ស័យទី១.ឈ្មោះ ឆោម សុធារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអូរតាម៉ា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

២.ឈ្មោះ ធី វីរធូន ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអូរតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ៣.ឈ្មោះ ជួប សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិចំណោម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ៤.ឈ្មោះ យិន សំណាង ហៅក្តី ភេទប្រុស អាយុ ២០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ វត្ថុតាងរួមមាន ម៉ូតូចំនួន ៤គ្រឿងកាំបិតចំនួន៥ដេីម, ទូរស័ព្ទចំនួន ៣ គ្រឿង។

លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា បានបន្តថាៈ យោងដេីមបណ្តឹងបានឱ្យដឹងថា នៅវេលា ម៉ោង ២១និង៤៧នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះ កំពុងមើលទូរស័ព្ទ ជាមួយកូននៅក្នុងផ្ទះ ក៏បានឮសំឡេងកាប់របស់អ្វីមួយ នៅខាងក្រៅផ្ទះរបស់គាត់ ។

ក្រោយមក ប្រពន្ធរបស់គាត់ បានរត់មកប្រាប់ថា មានគេមកកាប់ម៉ូតូរបស់ខ្លួន ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-2815 ដែលទុកនៅមុខផ្ទះ ពេលនោះ គាត់បានទៅមើល ក៏ឃើញម៉ូតូត្រូវគេកាប់បំផ្លាញខូចខាត យ៉ាងដំណំ។ ភ្លាមៗនោះ គាត់បានហៅកូនជាង ដែលស្នាក់នៅជាមួយគាត់ ចំនួន ៤ នាក់ មកសួរនាំ ពួកគេបានប្រាប់ថា ពួកគេនាំគ្នាអង្គុយលេង នៅក្រោយផ្ទះ ក្បែរតារាងបាល់ (AG Sport) ស្រាប់តែក្រុមក្មេងស្ទាវ មួយក្រុម រត់ចេញពីតារាងបាល់ ស្ទុះមកកាប់ ពួកខ្លួនពេលនោះ ពួកខ្លួន បានរត់ចូលពួនក្នុងផ្ទះ ហើយក្រុមក្មេងស្ទាវនោះ បានចូលមក កាប់ម៉ូតូរបស់ខ្លួនតែម្ដង ។

ក្រោយពីឃាត់ខ្លួនសួរចម្លេីយ ក្មេងទំនេីងទាំង ៤ នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត តាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថាៈ ការបង្ក្រាបករណី ខាងលើនេះ ក៏ទទួល បានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣៕

ដកស្រង់ពី៖រស្មិកម្ពុជា