Social Network

ជាងជួសជុលរថយន្តម្នាក់បានដុតម៉ូតូរួចលោតចូលភ្លើងសម្លាប់ខ្លួនឯង

ព្រះវិហារ៖ សង្ស័យប្រើគ្រឿងញៀនហួសកម្រិត ធ្វើឱ្យបុរសជាងជួសជុលរថយន្តម្នាក់បានដុតម៉ូតូឱ្យឆេះសន្ធោសន្ធៅ រួចលោតចូលក្នុងភ្លើងសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលនៅតាមផ្លូវលេខ៦២ ត្រង់ថ្នល់កោងស្ថិតក្នុងភូមិដីក្រហម ឃុំរំដោះស្រុករវៀង ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣។

លោកវរសេនីយ៏ទោ យៀងប៊ុនយ៉េ អធិការរងនគរបាលស្រុករវៀងបានឱ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខសៀមរាប1W-3736 ពីជើងទៅទិសត្បូងទំនងមកពីសៀមរាបឆ្ពោះទៅខេត្តព្រះវិហារ។

លោកអធិការរងបានបន្តថា មកដល់កន្លែងខាងលើម៉ូតូក៏បានរលត់បន្ទាប់មកបុរសនោះក៏បើកគំរបធុងសាំងរួចក៏យកដែកកេះដុតម៉ូតូឱ្យឆេះយ៉ាងសន្ធោសន្ធៅហើយក៏លោតចូលទៅក្នុងភ្នក់ភ្លើងបណ្តាលឆេះប្រកាច់ស្លាប់មុនពេលសមត្ថកិច្ចចុះជួយអន្តរាគមន៍។

មន្ត្រីដដែលបានបន្តថា អត្តឃាតជនឈ្មោះ អាន ពន្លឺ អាយុ៣១ឆ្នាំមុខរបរជាងជួសជុលរថយន្តនៅភូមិប៉ាដាក ឃុំប៉ាដាក ស្រុកសៀមរាប ខេត្តសៀមរាបក្រោយកើតហេតុកម្លាំងនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលរំដោះបានចុះពិនិ្យដោយសន្និដ្ឋានថា ជនធ្វើអត្តឃាតពិតជាដុតសម្លាប់ខ្លួនឯងប្រាកដមែន។

តាមសាច់ញាតិសពបានឱ្យដឹងថា កន្លងមកបុរសខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយតែងដើរនិយាយរវើរវាយពីនេះពីនោះមិនដឹងខុសត្រូវឡើយ ក្រោយធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

ដកស្រង់ពី៖រស្មីកម្ពុជា