Social Network

ដុតបំផ្លាញចោលគ្រឿងញៀន ខុសច្បាប់ ជាង ៥ តោន ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅកោះពេជ្រ

ភ្នំពេញ៖ គ្រឿងញៀនខុសច្បាប់ ជាច្រើនប្រភេទ ដែលមានទម្ងន់រហូតដល់ ជាង ៥ តោន ត្រូវបានដុតបំផ្លាញចោល ក្រោយពីបង្ក្រាប និងរឹបអូសបាន នៅក្នុងរាជធានី ភ្នំពេញ នាពេលកន្លងមកនេះ។ពិធីនេះ បានធ្វើឡើង នាព្រឹកថៃ្ងទី២៨ ខែមិថុនា ឆាំ២០២៣ នេះ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣

ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីអាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋ និងយុវជន ប្រមាណជាង ៣.០០០ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ៥ខែដើម ឆ្នាំ២០២៣នេះ កម្លាំងមានសមត្ថកិច្ចរបស់យើង បង្ក្រាបគ្រឿងញៀនបានចំនួន ៣.១៤៣ ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៧.៤៨០ នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀន បានចំនួន ៨៣៨ គីឡូក្រាម ៧៧២,៦ ក្រាម ។

ពាក់ព័ន្ធនឹងគ្រឿងញៀននេះ គ្រាន់តែនៅ រាជធានីភ្នំពេញ កម្លាំងមានសមត្ថកិច្ចយើង បង្ក្រាបបានជាង ៥ តោនកន្លះ ដែលយើងត្រូវ ដុតបំផ្លាញចោល ពេលនេះ ។

ប៉ុន្តែក្នុងចំនួននេះ មិនបានគិតពីសារធាតុគីមីផ្សេងៗ ដែលយើងត្រូវបន្សាប និងរំលាយចោល នៅពេលក្រោយនោះទេ។ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដែរថា៖ ករណីគ្រឿងនេះ នៅតែកើនឡើងជា លំដាប់ ដែលទាមទារឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែមានច្ឆន្ទៈខ្ពស់ ក្នុងការបង្ក្រាប់ ព្រោះថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋរបស់យើង ពិសេសស្រទាប់យុវវ័យ ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងឆ្នាំ២០២២ កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀន រាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៩៧៨ ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ១.៨៥៧ នាក់ (នារី ១៧៨ នាក់) ពាក់ព័ន្ធបទល្មើសដូចជា ជួញដូរ ដឹកជញ្ជូន និងរក្សាទុកគ្រឿងញៀន, និងចាត់ចែង-សម្រួលឱ្យប្រើប្រាស់គ្រឿង ញៀន, បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងករណីប្រើប្រាស់គ្រឿងញៀន ជាដើម។

ដោយឡែក ចំពោះការងារអប់រំកែប្រែ និងស្តារនីតិសម្បទា គណៈកម្មាធិការ បានយកចិត្ត ទុកដាក់បញ្ចូនជនរងគ្រោះ ដោយសារគ្រឿងញៀនទាំងដើមគ្រា និងក្នុងគ្រា បញ្ចូនទៅ មជ្ឈមណ្ឌលឱកាសខ្ញុំ សរុបចំនួន ៧.១៧៦ នាក់ (នារី ៣៥២ នាក់) បញ្ចូនទៅព្យាបាល នៅតាមសហគមន៍ចំនួន ៧ នាក់ (នារី ១ នាក់) និងបានធ្វើសមាហរណកម្មជនរងគ្រោះ ដែលបានទទួលការព្យាបាលរួច ឱ្យចូលទៅរស់នៅក្នុងសហគមន៍វិញ ចំនួន ៥.២៩០ នាក់ (នារី ២៧៩ នាក់) ផងដែរ។

លោកបានបន្តថា៖ ការជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងដាស់តឿន ក្រើនរំលឹក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសក្មួយៗ យុវជនយើង ឱ្យយល់ដឹងច្បាស់ពីគ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បង្កឡើងដោយគ្រឿងញៀន ហើយក៏ជាសារព្រមាន ដល់ក្រុមឧក្រិដ្ឋជនទាំងឡាយ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសច្បាប់ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម ឆ្លងដែន ព្រោះថារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរ គ្រប់ជាន់ថ្នាក់មានឆន្ទៈយ៉ាងមោះ មុត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និងប្តេជ្ញាបង្ក្រាបឱ្យខានតែបាន ដោយ គ្មានការលើកលែងណាមួយឡើយ៕

ដកស្រង់ពី៖រស្មីកម្ពុជា