Social Network

ដើររកបន្លែផ្លែឈើក្នុងព្រៃជាន់មីនបណ្តាលឱ្យផ្ទុះរបួសដាច់ជើងម្ខាង

ព្រះវិហារ: ប្រជាពលរដ្ឋពីរនាក់បានដើរចូលព្រៃរកបន្លែផ្លែឈើ ហើយក៏ជាន់មីនបន្សល់ពីសម័យសង្គា្រមបណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ម្នាក់ ដោយដាច់ជើងម្ខាង។ ហេតុការណ៍នេះ បានកើតឡើងនៅម្តុំខ្សែបន្ទាត់ព្រំដែនភ្នំណងទឹម ភូមិឈើទាលគង ឃុំ-ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីម៉ោងជាង១១ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា មុនគ្រោះថ្នាក់កើតឡើងប្រជាពលរដ្ឋទាំងពីរនាក់ខាងលើ បានដើរចូលព្រៃរុករកបន្លែផ្លែឈើ។ ពេលនោះមានម្នាក់ក៏ជាន់មីនប្រឆាំងមនុស្សសល់ពីសម័យសង្គ្រាមបណ្តាលឱ្យរងរបួសម្នាក់ដោយដាច់ជើងខាងស្តាំ។ ជនរងគ្រោះឈ្មោះ និល ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជាគ្រួសារក្រីក្រ មានកូនក្នុងបន្ទុកចំនួន៧នាក់ ស្រី៤នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ អ្នករងរបួសត្រូវបានគេជួយនាំចេញពីព្រៃ និងដឹកតាមរថយន្តដែលមកចាំទទួលនៅជិតជើងភ្នំទៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ហើយបន្តទៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ ដើម្បីសង្គ្រោះបន្ទាន់៕

ដកស្រង់ពី៖រស្មីកម្ពុជា