Social Network

សមត្ថកិច្ច បង្ក្រាបទីតាំង​​ឆ្នោត​លាភ​មហា​សម្បត្តិ​(​ឡូ​តូ​) បង្កប់​ល្បែង​អន​ឡាញ ០២​កន្លែង ក្នុងស្រុក​កណ្តៀង ចែករំលែក

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀង ដឹកនាំដោយលោក អ៊ន សុផល្លា អភិបាលរងស្រុក ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង ចំនួន០៤នាក់

មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកកណ្តៀង ចំនួន០៣នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលួង ចំនួណ០២នាក់ ស្មៀនឃុំ ចំនួន០១នាក់ និងជំនួយការរដ្ឋបាលឃុំចំនួន០១នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំចំនួន០២នាក់ បានចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្មឆ្នោតលាភមហាសម្បត្តិ (ឡូតូ) នៅឃុំស្វាយលួង និងឃុំកោះជុំ ក្នុងស្រុកកណ្តៀង ។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនេះ សមត្ថកិច្ចចុះត្រួតពិនិត្យជាច្រើនទីតាំង ជាលទ្ធផលកម្លាំងបានរកឃើញទីតាំងឆ្នោតឡូតូខាងលើ មានបង្កប់ល្បែងអាប៉ោងតាមអនឡាញ មានចំនួន០២ទីតាំង រួមមាន ៖ ទីតាំងទី១- តូបលក់ដូរមុខផ្ទះរបស់ឈ្មោះជឿន សុភី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

និងទីតាំងទី២- តូបលក់ដូរមុខផ្ទះរបស់ឈ្មោះគឹម សុខខេង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ច ក៏បានធ្វើការអប់រំណែនាំ អ្នកបញ្ជាម៉ាស៊ីនចំនួន០២នាក់ទៀត រួមមាន ៖ ទី១-ឈ្មោះម៉ៅដានី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

និងទី២-ឈ្មោះហៀង ច័ន្ទ្រា ភេទស្រីអាយុ២៤ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ វត្ថុតាង ចាប់យក រួមមាន ៖ ម៉ាស៊ីនកុំព្យូទ័រ ចំនួន០២ឈុតដុំវាយហ្វាយ(ប្រព័ន្ធភ្ជាប់)អ៊ីនធ័រណេតចំនួន០១និង ព្រីខ្សែភ្លើងប្រវែង០៤ម៉ែត្រចំនួន០១ខ្សែ ។

ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានក្រុមការងាររបស់គណៈបញ្ជាការឯកភាពស្រុកកណ្តៀងធ្វើកិច្ចសន្យា អប់រំនៅនឹងកន្លែងចំពោះវត្ថុតាងទាំងអស់ កម្លាំងបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង តាមបញ្ជារបស់លោកអភិបាលស្រុក ៕

ដកស្រង់ពី៖កោះសន្តិភាព