Social Network

ចាប់ខ្លួនបុរសម្នាក់ គំរាមអតីតគូស្នេហ៍របស់ខ្លួន ថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយ

ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុគ្គល មួយរូប ពាក់ព័ន្ធនឹងការគម្រាមនារី ដែលជាអតីតគូស្នេហ៍ចាស់របស់ខ្លួន ថានឹងចែកចាយ រូបភាព វីដេអូអាក្រាតកាយ ដែលខ្លួនធ្លាប់បានថត ក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។

ទន្ទឹមការកើតឡើងនូវករណីនេះ ស្ថាប័នមួយនេះ បានព្រមាន និងក្រើនរំលឹកដល់ ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការនិយមថតរូបភាព វីដេអូបែប មនោសញ្ចេតនា ស្រើបស្រាលជាមួយដៃគូស្នេហា ដែលទង្វើនេះ ជាការដាក់ខ្លួនចូល ទៅក្នុងហានិភ័យ នៃការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរធ្ងន់ធ្ងរ ប្រសិនបើរូបភាពទាំង នោះ បានបែកធ្លាយ ដោយអចេតនា ឬដោយសារការប៉ុនប៉ង អាក្រក់ ពីភាគីណាមួយ។ប្រតិបត្តិការនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ក្រោមការសម្រប សម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗ ក្រោយពីជនសង្ស័យរូបនេះ បានគម្រាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារ ថានឹងបង្ហោះចែកចាយរូបភាព វីដេអូអាក្រាតកាយរបស់ជនរងគ្រោះ តាមបណ្តាញសង្គមនានា ប្រសិនបើជនរងគ្រោះ មិនអនុវត្តតាមបញ្ជារបស់ខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ តាងនាមឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការនិយម ថតរូបភាព វីដេអូបែបមនោសញ្ចេតនា ស្រើបស្រាលជាមួយដៃគូស្នេហា ដែលទង្វើនេះ ជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យ នៃការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរធ្ងន់ធ្ងរ ប្រសិនបើរូបភាពទាំងនោះ បានបែកធ្លាយ ដោយអចេតនា ឬដោយសារការប៉ុនប៉ង អាក្រក់ ពីភាគីណាមួយ ៕

ដកស្រង់ពី៖រស្មីកម្ពុជា