Social Network

ករណីមន្រ្តីនគរបាលម្នាក់បើករថយន្តដេញបុកអ្នកដទៃសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធី

កំពង់ចាម៖ ករណីមន្រ្តីនគរបាលខេត្តកំពង់ចាមម្នាក់បើករថយន្ត ដេញបុកយុវជនជាអ្នកជិះម៉ូតូម្នាក់ ដោយសារតែទំនាស់ស្នេហាត្រីកោណទាំងកណ្តាលអធ្រាត្រ យប់ថ្ងៃទី ៩ខែសីហាម្សិលមិញ គឺសមត្ថកិច្ចបានចាប់ឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីហើយ ខណៈខាងភាគីរងគ្រោះបានដាក់ពាក្យបណ្តឹង ទៅកាន់អធិការនគរបាលក្រុងកំពង់ចាម ដោយបានទាមទារសំណងជំងឺចិត្តចំនួន ៥.០០០ ដុល្លារ។ហេង សុខលីដា កំពុងដើរចេញពីសៃវៀនមាន់ជល់មួយកន្លែងក្នុងស្រុកត្បូងឃ្មុំកាលមិនទាន់ឃាត់ខ្លួន។

តាមឱ្យដឹងពីខាងភាគីរងគ្រោះនារីឈ្មោះ ខៀវ កក្កដា អាយុ ២៣ ឆ្នាំបានប្រាប់ក្រុមអ្នកព័ត៌មាននៅថ្ងៃទី ១០ សីហានេះថាៈ មុនពេលផ្តើមឱ្យមានករណីបើកបររថយន្តដេញបុកប៉ងសម្លាប់ឈ្មោះ រុន ភារិទ្ធ អាយុ ២៧ ឆ្នាំជាសង្សាររបស់ខ្លួន គឺឈ្មោះ ហេង សុខលីដា ជាមេល្បែងមាន់ជល់តាមអនឡាញ និងជាមន្រ្តីនគរបាលខេត្តកំពង់ចាម បានខឹងនឹងនាង រឿងខ្លួនបានប្លុកឆាតហ្វេសបុក។

នាង ខៀវ កក្កដា បានឱ្យដឹងទៀតថា ជននេះបានឆាតមកតាមស្រឡាញ់ខ្លួនជាបុគ្គលិកអនឡាញបានប្រហែល បី ខែ ហើយនាងតែងតែបានបដិសេធន៍ ហើយនៅថ្ងៃកើតហេតុរូបគេខឹងបានបើកបររថយន្តម៉ាកកាមរីហាយព្រិតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-5312 មកដល់បន្ទប់ផ្ទះជួលស្ថិតក្នុងភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានមករុញទ្វារបន្ទប់រហូតមានការប្រទូសសារាយ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

កក្កដា បានបន្តថាៈ បន្ទាប់ពីរឿងនេះរួច ហេង សុខលីដា ក៏បានបើករថយន្តរបស់ខ្លួនដេញបុកឈ្មោះ រុន ភារិទ្ធ ជាសង្សារ ដែលទើបបានជិះម៉ូតូចេញពីបន្ទប់ជួល ខាងលើដើម្បីទៅធ្វើការជាសន្តិសុខ កំពុងធ្វើដំណើរលើផ្លូវជាតិលេខ៧ថ្មី ខាងមុខហាងមីហិល ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅម៉ោងប្រមាណជាង ១១ យប់ថ្ងៃទី ៩ ខែសីហា។

យុវជន រុន ភារិទ្ធ បានប្រាប់នៅថ្ងៃទី ១០ ខែសីហានេះដែរថាៈ ជិតដល់កន្លែងគ្រោះថ្នាក់ខាងលើខ្លួនបានមើលតាមកញ្ចក់មើលក្រោយបានឃើញរថយន្តពណ៌សរបស់ឈ្មោះ ហេង សុខលីដា ដែលបានឈប់នៅខាងមុខផ្ទះជួល បានបើកបរដេញតាម គឺខ្លួនបានកាច់ចង្កូតទៅកៀនបណ្តាលឱ្យគេចផុត គ្រាន់តែដួលរបួសស្រាល និងខូចម៉ូតូធ្ងន់ចំណែករថយន្តដែលដេញបុកខ្លួនក៏ជ្រុលទៅបុកគម្របលូខូចខាតកម្រិតធ្ងន់ កៀបជាប់អ្នកបើកបរក្នុងរថយន្តទើបរថយន្តសង្រ្គោះបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ហើយក៏មានរយន្តស្ទួចមកស្ទួចរថយន្ត ហេង សុខលីដា យកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ចាម។

ជនរងគ្រោះ ភារិទ្ធ បានបន្តថាៈ ទាក់ទិនករណីប៉ុនប៉ងសម្លាប់រូបខ្លួន របស់មន្រ្តីនគរបាលរូបនេះ គឺបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់អធិការនគរបាលស្រុងកំពង់ចាម និងបានទាមទារសំណងជំងឺចិត្តចំនួន ៥.០០០ ដុល្លារ និងស្នើឱ្យផ្តន្ទាទោសតាមច្បាប់។ លោក វង្ស ប៊ុនវិសិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាមបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថាៈ ជុំវិញករណីប៉ុនប៉ងបើករថយន្តដេញបុកមនុស្សឱ្យស្លាប់នេះ គឺខាងលោកបានទទួលដំណឹងថា សមត្ថកិច្ចបានឃាត់មន្រ្តីនគរបាលជាជនសង្ស័យរួចហើយ ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា