Social Network

កុមារាពីរនាក់ ចុះលេងទឹកនៅមុខលូ បណ្តាលឱ្យទឹកហូរកួច ចូលលូបាត់ រយៈពេល ១ម៉ោង ទើបរកឃើញសព

កំពង់ធំ៖ កុមារាពីរនាក់ ចុះលេងទឹកនៅមុខលូ បណ្តាលឱ្យទឹកហូរកួច ចូលលូបាត់ រយៈពេល ១ម៉ោង ទើបរកឃើញសព នៅខាងជើងភូមិចារ្យ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០ នាទី ថ្ងៃត្រង់ ។

លោក ឃួន វុទ្ធី អធិការនគរបាល ស្រុកប្រាសាទសំបូរ បានឱ្យដឹងថា កុមារា ពីរនាក់ ដែលបានលង់ទឹកស្លាប់នោះ មានឈ្មោះ សារុន ធារាជ អាយុ ៨ ឆ្នាំ ឪពុកឈ្មោះ ឃាន់ សារុន អាយុ ២៩ ឆ្នាំ ម្ដាយឈ្មោះ ឃាន់ ចំរើន អាយុ ៣០ ឆ្នាំ និងឈ្មោះ ឃាន់ លីនដា អាយុ ១២ ឆ្នាំ ឪពុកឈ្មោះ ខន សុឃាន់ អាយុ ៣៦ ឆ្នាំ ម្ដាយឈ្មោះ តុំ អុង អាយុ ៣៩ ឆ្នាំ ពួកគេទាំងពីរគ្រួសារនេះ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ជាមួយគ្នា។

លោក ឃួន វុទ្ធី បានបញ្ជាក់ថា កុមារលង់ទឹកទាំង ពីរនាក់ ដោយសារមូលហេតុទៅតាម ឪពុកបង់សំណាញ់ ដោយសារឪពុក រវល់តែបង់សំណាញ់ ពីមួយកន្លែង ទៅមួយកន្លែង ដោយការធ្វេសប្រហែសពីឪពុកកុមារ ទំាងពីរ បានចុះលេងទឹក នៅមុខលូ បណ្តាលឱ្យ ទឹកហូរកួចចូលលូបាត់ រយៈពេល ១ ម៉ោង ទើបរកឃើញសព នៅខាងជើងភូមិចារ្យ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្រោយពីសមត្ថកិច្ច ពិនិត្យសពកុមារទាំងពីររួចមក បញ្ជាក់ថា កុមារទាំងពីរនាក់នេះ ពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ហើយសពក៏បានត្រូវប្រគល់ទៅឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖រស្មីកម្ពុជា