Social Network

ឆក់កាបូបបានសម្រេច ជិះរត់គេច បុកម៉ូតូ ២ គ្រឿង ដួលស្លាប់ខ្លួនឯង

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីម្នាក់ បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេច ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ កំពុងឆ្លងផ្លូវ និងបុកម៉ូតូមួយគ្រឿងទៀត កំពុងបញ្ច្រាស់ទិស បណ្តាលឲ្យជនសង្ស័យ ដួលស្លាប់ រីឯម្ចាស់ម៉ូតូ ២ នាក់ទៀត របួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទី ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីរងគ្រោះក្នុងករណីឆក់កាបូប ឈ្មោះ សាំង សុនីតា មុខរបរ ជាគ្រូពេទ្យ មានទីលំនៅ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JE-6152 ។

តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូ ទៅធ្វើការងារ តាមផ្លូវជាតិលេខ៤ ពីទិសខាងលិច ទៅខាងកើត លុះមកដល់ក្រោមស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូ ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-5458 ធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ ក្នុងនោះមាន សម្ភារៈពេទ្យ ទូរស័ព្ទ លុយ បាយ ដែលដាក់នៅតាម ខាងមុខ បានសម្រេច ហើយព្យាយាម ជិះរត់គេច ភ្លាមនោះ ជនរងគ្រោះ បានស្រែក ចោរៗ ឆោឡោ ទាំងអ្នកដំណើរ ជួយស្រែក ចោរៗ និងជិះដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ជនសង្ស័យ បត់ឆ្វេងឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូ ហុងដា ប៊ិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KG-6670 ជិះដោយបុរសម្នាក់ កំពុងឆ្លងផ្លូវពីខាងជើងទៅខាង ត្បូង និងបន្តបុកម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-4236 ជិះដោយ បុរសម្នាក់ ពីខាងកើតទៅខាងលិច ដួលទាំង ៣ គ្រឿង បណ្តាលឱ្យជនសង្ស័យ បោកក្បាល ស្លាប់ភ្លាមៗនៅកន្លែង ចំណែកអ្នកដំណើរ ២ នាក់ រងរបួសធ្ងន់ ។

ករណីខាងលើ ជនរងគ្រោះ របួសធ្ងន់ ២ នាក់ ត្រូវបានរថយន្តគ្លីនិកឯកជន ដឹកយកទៅ សង្រ្គោះព្យាបាល ។ ចំណែកសពជនសង្ស័យ ត្រូវបានសមត្ថកិច្ច ទាំងជំនាញចរាចរណ៍ និងជំនាញព្រហ្មទណ្ឌ ចុះទៅពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវតាមនីតិវិធី ៕

ដកស្រង់ពី៖រស្មីកម្ពុជា