Social Network

ក្មេងស្រីម្នាក់ ត្រូវបានឪពុកបង្កើត វាយបីដៃ ចំកញ្ចឹងក បណ្ដាលឱ្យស្លាប់

សៀមរាបៈ ក្មេងស្រីម្នាក់ ត្រូវបានឪពុកបង្កើត វាយបីដៃ ចំកញ្ចឹងក បណ្ដាលឱ្យស្លាប់ នៅក្នុងខ្យូសខាងមុខផ្ទះ ដោយសារតែបុរសនោះ ខឹងយ៉ាងខ្លាំង នៅពេលហាមកូនស្រី មិនឱ្យនិយាយទូរស័ព្ទច្រើនពេក ប៉ុន្តែកូនស្រីមិនស្ដាប់តាម ។

នគរបាលមូលដ្ឋាន បាននិយាយថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៨ និង ៣០នាទី នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចខ្យូស ខាងមុខផ្ទះ ជនរងគ្រោះ ស្ថិតនៅក្នុងភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នគរបាល បាននិយាយថា ជនរងគ្រោះ ឈ្មោះ ង៉ិក ស្រីគីម ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅក្នុងភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ចំពោះ ជនសង្ស័យ មានឈ្មោះ ឈិត ង៉ែត អាយុ៥៥ ឆ្នាំ មុខរបរ កសិករ ជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ប្រភពដដែល បានប្រាប់ឱ្យដឹងពីមូលហេតុថា ដោយសារកូនស្រី និយាយទូរស័ព្ទ ច្រើនពេក ហើយឪពុក ហាមមិនឱ្យនិយាយទូរស័ព្ទច្រើន យ៉ាងណាក៏ដោយ ក៏កូនស្រីមិនស្តាប់ ធ្វើឱ្យឪពុក ខឹងយ៉ាងខ្លាំង ហើយក៏បានវាយទៅលើកូនស្រី ចំកញ្ចឹង ក ចំនួន ៣ ដៃ បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុ។ ឪពុក ជាជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ យកមកអនុវត្ត តាមច្បាប់ ផងដែរ៕

ដកស្រង់ពី៖រស្មីកម្ពុជា