Social Network

កម្មករទូក ទិញផលនេសាទសមុទ្រម្នាក់ ធ្លាក់ទឹកសមុទ្រ បាត់ខ្លួន រកមិនទាន់ឃើញ

ព្រះសីហនុ៖ យុវជនម្នាក់ ជាកម្មករទូក ទិញផលនេសាទសមុទ្រ បានធ្លាក់ចូលក្នុងសមុទ្រ បាត់ខ្លួន តាំងពីវេលាម៉ោង ១១ យប់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ រហូតដល់ព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ នេះ រកជនរងគ្រោះ មិនទាន់ឃើញនៅឡើយ ។

អ្នកនេសាទម្នាក់ សុំមិនប្រាប់ឈ្មោះ បានខ្សឹបប្រាប់ថា ទូកនេសាទមួយគ្រឿងនេះ មិនធ្លាប់ចេញនេសាទទេ គឺសម្រាប់រត់ទៅ ទិញផលនេសាទ ពីទល់ដែនប្រទេស វៀតណាម មកលក់នៅក្រុងព្រះសីហនុ ហើយពួកគេ ក៏មិនប្រើប្រាស់ កូនដៃទូកច្រើន នាក់ដែរ ។ ប្រភពដដែល បានបន្តរថា ការធ្លាក់ទឹកបាត់ខ្លួនរបស់កូនដៃទូកនោះ សង្ស័យថា យុវជននោះ ងងុយដេក ហើយក្រោកឡើង ទៅបត់ជើងតូច ឫបត់ជើងធំ ដោយរអិលធ្លាក់ទឹក ដោយខ្លួនឯង ។

កូនដៃទូកនោះ មានឈ្មោះ ម៉ាត់ យ៉ាទី ភេទប្រុស អាយុ ២០ឆ្នាំ ជាខ្មែរអ៊ីស្លាម ស្នាក់នៅ តំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ៣ ក្រុង,ខេត្តព្រះសីហនុ ។

បច្ចុប្បន្ន ក្រុមសមត្ថកិច្ចចម្រុះ មានប៉ូលិសចរាចរណ៍ទឹក, ក្រុមមនុស្សធម៌របស់ អ្នកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ កំពុងស្វែងរក ។ សូមរំលឹកថា ក្នុងសប្តាហ៍ទី១ ដើមខែតុលា ឆ្នាំ២០២៣ នេះ មានមនុស្ស ប្រុស ស្រី ចំនួន ៣ នាក់ហើយ បានធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងទឹកសមុទ្រ ដោយរកសាកសព មិនទាន់ឃើញទាំងអស់។ ក្នុងនោះ មានស្ត្រី ពីរនាក់ ម្តាយកូន និងយុវជនម្នាក់នេះ ផងដែរ៕

ដកស្រង់ពី៖រស្មីកម្ពុជា