រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ 29 ទៅលោតទឹកសម្លា.ប់ខ្លួន ពីលើស្ពានជ្រោយចង្វារ កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែសំណាងល្អ ត្រូវបានកម្លាំងនគរបាលអង្គភាពគោលដៅទី៣ សហការជាមួយ អ្នកនេសាទ ចេញទូក ទៅជួយស្រង់ពីទឹកទន្លេ សង្គ្រោះទាន់ពេល ។
បុរសដែលគិតខ្លីនោះមានឈ្មោះ ទិត្យ សុខា អាយុ៤២ឆ្នាំ ជាមន្ត្រីរាជការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រស់នៅភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ ។ តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខរដ្ឋ២៩ 1.0115 ធ្វើដំណើរ ឡើងស្ពានជ្រោងចង្វារ ក្នុងទិសដៅពីលិចទៅកើត។
លុះពេលធ្វើដំណើរ ជិតដល់កណ្តាលស្ពាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បានឈប់ម៉ូតូ ដោះស្បែកជើង រួចលោតចុះទៅក្នុងទន្លេ តែម្តង ។
តាមព័ត៌មានអោយដឹងទៀតថា ភ្លាមៗ កម្លាំងនគរបាលអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វារ រួមជាមួយអ្នកនេសាទ ចេញទូក ទៅជួយស្រង់ សង្គ្រោះទាន់ពេល រួចក៏បាននាំមកអង្គភាព ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច បុរសរូបនោះ ពុំបានទំលាយ អោយដឹងពីមូលហេតុ អ្វីនោះទេ។ បន្ទាប់ពីសួរនាំ មិនបានចម្លើយ មន្ត្រីនគរបាល ក៏បានទាក់ទងទៅក្រុមគ្រួសារ អោយមកទទួលយកត្រឡប់ទៅផ្ទះវិញ ។
ទាក់ទិនមូលដែលធ្វើអោយបុរសរូបនោះគិតខ្លី ត្រូវក្រុមគ្រួសារបានបង្ហើបអោយដឹងថា ដោយសារតែមានជំងឺផ្លូវចិត្ត(សរសៃប្រសាទ) ៕
ដកស្រង់ពី៖កោះសន្តិភាព