Social Network

ករណី​បើករថយន្ត Jeep បុក​មនុស្ស​ស្លា​.​ប់ ម្ដាយ​ជន​បង្ក ប្ដឹង​ប្រពន្ធ​ស​.​ព និង​សាច់ញាតិ​ជន​រង​គ្រោះ ទៅ​វិញ

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្មវិចិត្រ សុសក្តា បើករថយន្ដម៉ាក Jeep បុកយុវជនម្នាក់ស្លា.ប់ភ្លាមៗ នៅខណ្ឌទួលគោកនោះ ខណៈមិនទាន់ធ្វើបុណ្យ១០០ថ្ងៃផង ស្រាប់តែម្ដាយជនបង្ក (ឈ្មោះ សុខ លីណា) បានដាក់ពាក្យបណ្ដឹង ប្តឹងមនុស្ស០៤នាក់ រួមមាន ៖ ប្រពន្ធស.ពជនរងគ្រោះ និង០៣នាក់ទៀត ជាសាច់ញាតិជនរងគ្រោះ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងពីបទ ជេរប្រមាថជាសាធារណៈ ។

យោងតាមគណនីហ្វេសប៊ុកលោកស្រី គ្រុយ ឈិញលាំង ដែលត្រូវជាប្រពន្ធរបស់សពជនរងគ្រោះ បានបង្ហោះសារនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះថា ៖ ពី “ជនរងគ្រោះ” ក្លាយទៅជា “ជនសង្ស័យ” ។

ឃើញដីការកោះហៅ នាងខ្ញុំហួសចិត្តមិនដឹងនិយាយយ៉ាងណាឱ្យសម! ជនបង្កប្តឹង គ្រួសារជនរងគ្រោះ ដែលព្យាយាមស្ងប់ស្ងាត់ចាំការកោះហៅក្នុងការចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ?

ហេតុអ្វី មិនដោះស្រាយរឿងបុកប្តីខ្ញុំស្លា.ប់ ដើម្បីឲ្យខ្ញុំ និងកូន ព្រមទាំងគ្រួសារសាច់ញាតិបានស្ងប់ចិត្ត បែរជាមកប្តឹងខ្ញុំជាប្រពន្ធ ព្រមទាំងឪពុកធំរបស់ប្តីខ្ញុំ និងប្អូនថ្លៃខ្ញុំ ២នាក់ទៀត ដែលជាប្អូនស្រីបង្កើតរបស់ប្តីខ្ញុំ ?

ក្រុមគ្រួសារយើងបានសំងំស្ងប់ រង់ចាំការដោះស្រាយតាមផ្លូវតុលាការ និងរង់ចាំមើលឆន្ទៈរបស់អ្នក តែអ្នកបែរជាធ្វើបែបនេះ ?

នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែកចាយព្រោងព្រាត នូវដីកាកោះ៤សន្លឹក ដែលចេញដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនសង្ស័យចំនួន៤នាក់ រួមមាន ៖ ទី១. ឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី (ប្រពន្ធជនរងគ្រោះ) ទី២. ឈ្មោះ សំរិទ្ធ សារុន ភេទប្រុស (ឪពុកធំជនរងគ្រោះ) ទី៣. ឈ្មោះ សៀង មួយអេង ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ) និងទី៤. ឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ)។

ក្នុងដីកានោះ បានបញ្ជាក់ទៀតថា ធ្វើឡើងតាមបណ្ដឹងឈ្មោះ សុខ លីណា (ម្ដាយជនបង្ក) ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ, បរិហាកេរ្ដិ៍តាមសារព័ត៌មាន និងបទ ជេរប្រមាថជាសាធារណៈ ដែលកំណត់ឲ្យចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ ដោយទ្រាំមិនបានលោក ផែង វណ្ណៈ ថារឿងនេះកាន់តែសាហាវ និងស្ទើរតែមិនជឿនឹងភ្នែកលោក ដែលប្ដីត្រូវគេបុកស្លាប់ហើយ បែរជាប្រពន្ធនិងសាច់ញាតិ ត្រូវម្ដាយជនបង្ក ប្ដឹងថែមទៀត តើអនាគតកូនតូច បានអ្នកណាមើលថែ បើម្ដាយត្រូវគេចាប់ខ្លួន តាមបណ្ដឹងឈ្មោះ សុខ លីណា ?

លោក ផែង វណ្ណៈ ពុំនៅស្ងៀមឡើយ បានស្នើសុំអន្តរាគមន៍ទៅឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ។ ហើយឯកឧត្តម គី តិច ក៏បានចាត់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ មកជួយការពារក្ដីតាមផ្លូវច្បាប់ជូនប្អូនស្រី គ្រុយ ឈិញលាំង ភរិយាជនរងគ្រោះផងដែរ ។ ពាក់ព័ន្ធករណីនេះ មហាជនសុទ្ធតែបង្ហាញ នូវការហួសចិត្ត និងរិះគន់យ៉ាងច្រើនពេញបណ្ដាញសង្គម ដោយអ្នកខ្លះថា ទើបតែឃើញករណីនេះ ជាលើកទី១ ដែលភាគីជនបង្ក បុកមនុស្សស្លាប់ ហើយប្ដឹងគេវិញ ថែមទៀត ខណៈបុណ្យ១០០ថ្ងៃ មិនបានធ្វើនៅឡើយ ។ គេនៅចាំបានថា គ្រួសារអ្នកច្បាប់ទៅចូលបុណ្យស.ព១០០០$ និងបោះពាក្យថា បើមិនដកពាក្យបណ្តឹង នឹងខូចអនាគតទាំងអស់គ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គម គ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួន ក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះ មិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរនឹងប្រាក់ ១០០០ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿង ដែលធ្វើឲ្យមានការរិះគន់ ផ្ទុះលើបណ្តាញសង្គម ។ សូមរម្លឹកថា ជនបង្ក ដែលជាអ្នកបើកបររថយន្ដទំនើបម៉ាក Jeep បណ្តាលឲ្យបុកស្លា.ប់បុរសម្នាក់ជិះម៉ូតូ នៅកន្លែងកើតហេតុ បានកើតឡើង ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ភ្លាមៗ យុវជននោះ បានគេចខ្លួនពីកន្លែងកើតហេតុ ទោះបីជាគេស្គាល់អត្តសញ្ញាណច្បាស់លាស់ក៏ដោយ។ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសឱ្យតុលាការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់លើអ្នកបើកបររថយន្ត Jeep បុកបុរសអ្នកជិះម៉ូតូស្លា.ប់រួចមក នៅថ្ងៃទី១៩ ធ្នូដដែល លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យអ្នកបើករថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវបង្ហាញខ្លួននៅតុលាការ ឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ។ ក្នុងដីកានោះ ក៏បានអនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឲ្យបុគ្គលឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ចូលខ្លួនឲ្យបានមុនថ្ងៃកំណត់ ។

ក្រោយមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រកាសឲ្យចូលខ្លួនសារភាពជាបន្ទាន់! បើមិនដូច្នោះទេ សមត្ថកិច្ចនឹងតាមចាប់ខ្លួន ខណៈដីកាធ្លាក់មកដល់ដៃសមត្ថកិច្ចហើយ។ រហូតដល់ក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។

បន្ទាប់ពីជនបង្កបានចូលខ្លួនទទួលស្គាល់កំហុសនោះ សមត្ថកិច្ចនគរបាលជំនាញការិយាល័យចរាចរផ្លូវគោក បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

ទីបំផុត ជនបង្កដែលជាអ្នកបើកបររថយន្ដទំនើបម៉ាក Jeep បណ្តាលឲ្យបុកស្លា.ប់អ្នកដទៃនៅកន្លែង ត្រូវបានចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យនោះនៅពន្ធនាគារជាបណ្តោះអាសន្នហើយ នៅពន្ធនាគារ PJ ក្រោយការប៉ូលិសបានបញ្ជូនជននោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។

ដីកាបង្គាប់ឱ្យឃុំខ្លួន ចេញដោយចៅក្រម ហុង ម៉ារីណិច នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចចោទប្រកាន់ ព្រហ្មវិចិត្រ សុសក្តា ដែលកំពុងរៀនថ្នាក់អនុបណ្ឌិត ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លា.ប់អ្នកដទៃ និងបទរត់គេចខ្លួន» តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា «ជនណា ដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ច ដែលបទប្បញ្ញតិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឲ្យស្លា.ប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ពិន័យជាប្រាក់ពី៤០០០០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល»។ ចំណែកមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ បានចែងពី «បទរត់គេខ្លួន» ដោយកំណត់ថា « អំពើប្រព្រឹត្តដោយអ្នកបើកបរយានជំនិះផ្លូវគោក ឬផ្លូវទឹក ដែលបានដឹងច្បាស់ថា ខ្លួនទើបតែបង្កឱ្យ មានគ្រោះថ្នាក់ ឬការខូចខាត ហើយមិនព្រមឈប់ ដើម្បីគេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 និងម៉ូតូ បុកគ្នានៅត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រោយកើតហេតុអ្នកបើករថយន្ដបានគេចខ្លួនបាត់។ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ នាំយកទៅធ្វើបុណ្យបូជាតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្តកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ៕

ដកស្រង់ពី៖កោះសន្តិភាព