Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ​ខ្មែរ ៧៨​នាក់ ចាញ់បោក​មេខ្យល់ នាំ​ទៅ​ធ្វើការ​នៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត ត្រូវបានជួយ​សង្គ្រោះ​​ហើយ

  • Print

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត នោះ រកឃើញទីតាំង ហើយ បាននិងកំពុងរៀបចំជួយសង្គ្រោះបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ ។

ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំងហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់ ។

សូមជម្រាបថា បងប្អូនប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ។ បច្ចុប្បន្ន បងប្អូនបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំ តាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ ។ ក្នុងអំឡុងពេលរង់ចាំនេះ ឯកឧត្តម អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រី អន្តោប្រវេសន៍ នៃប្រទេសម្ចាស់ផ្ទះ ដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់បងប្អូន ។

សម្រាប់បងប្អូន ដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានបំណងទាក់ទងលម្អិត គឺអាចទំនាក់ទំនងទៅលោក សុះ ហ៊ីម តាមរយៈទូរសព្ទលេខ +966 5804 65578 ឬទាក់ទងទៅឯកឧត្តម អ៊ុក សារុន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីតផ្ទាល់ តាមរយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370 ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងបន្តតាមដាន សម្របសម្រួលការធ្វើមាតុភូមិនិវត្តរបស់បងប្អូនជាបន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព