ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុស-ស្រីចំនួន០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ថែមទាំងដកហូតគ្រឿងញៀន និងវត្ថុតាងមួយចំនួនទៀតផង កាលពីរសៀលថ្ងៃទី ០៦ កក្ដដា នៅចំណុចភូមិចម្ការប្ញស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។
យោងតាមរបាយការណ៍កងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង០៥នាក់ រួមមាន ១-ឈ្មោះ ហូ ឌឿត ហៅដូង ភេទប្រុស អាយុ៤៥ឆ្នាំ ២-ឈ្មោះ ហេង ដាលីន ភេទស្រី អាយុ៣៥ឆ្នាំ ៣-ឈ្មោះ ហុក វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ ៤-ឈ្មោះ សុខ រស្មី ភេទប្រុស អាយុ៣៤ឆ្នាំ និង៥-ឈ្មោះ អ៊ុន អយ ភេទប្រុស អាយុ៥៣ឆ្នាំ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ជនទាំង០៥នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់ ពេលពួកគេកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។
ជាមួយនឹងការឃាត់ខ្លួន មន្ត្រីជំនាញដកហូតបានវត្ថុតាង ១,គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន០៣កញ្ចប់ ទម្ងន់១៥០,២៥ក្រាម ២,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ៣,ម៉ូតូចំនួន០៤គ្រឿង ដែលជាមធ្យោបាយសម្រាប់ជិះប្រព្រឹត្តបទល្មើស រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ មន្ត្រីជំនាញបានឲ្យនិយាយថា ក្រុមជនសង្ស័យប្រុស ស្រីខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដែលកម្លាំងជំនាញបានតាមដានសកម្មភាពរបស់ពួកគេ រហូតឈានដល់ការឃាត់ខ្លួនបានទាំង០៥នាក់ ដកហូតបានទាំងវត្ថុតាងផងដែរ។ ពេលនេះ មន្ត្រីការិយាល័យជំនាញកំពុងសួរនាំ ចាត់ការតាមនីតិវិធីហើយ ៕
ដកស្រង់ពី៖កោះសន្តិភាព