Radio Live


Social Network

ម្ដាយ​ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្មា.ន់​.កាំ​.​ភ្លើ​.​ង​.​បា​.​ញ់​.​ស​.​ម្លា​.​ប់​.​ក្នុង​រឿង​«​ស្នេហា​ត្រីកោណ​»​​អំពាវនាវ​សុំ​ឲ្យ​តាម​ចាប់ខ្លួន​ដៃដល់​០២​នាក់​ទៀត​ដែល​កំពុង​​នៅ​ក្រៅ​ឃុំ

ខេត្តបាត់ដំបង ៖ ក្រោយតុលាការប្រកាសផ្តន្ទាទោសម្នាក់ៗអស់មួយជីវិត ចំពោះជនត្រូវចោទចំនួន០៤នាក់ដែលព្រូតគ្នាបាញ់សម្លាប់គូសត្រូវស្លាប់ម្នាក់ក្នុងសមរភូមិ «ស្នេហាត្រីកោណ» កាលពីជិត០២ឆ្នាំមុន។

នៅថ្ងៃទី២៧ សីហា នេះ ក្រុមគ្រួសារជនរងគ្រោះបានប្រកាសស្វាគមន៍ចំពោះការសម្រេចរបស់តុលាការថា មានភាព«យុត្តិធម៌» ។

ប៉ុន្តែគ្រួសារគាត់សូមអំពាវនាវដ៏ទទូចសុំឲ្យតុលាការ និងសមត្ថកិច្ចជួយបនុ្តនីតិវិធីតាមចាប់ខ្លួនជនជាប់ចោទ (ជនដៃដល់) ចំនួន០២នាក់ទៀត ដែលកំពុងរស់នៅក្រៅសំណាញ់ច្បាប់ យកមកដាក់ពន្ធនាគារ ព្រោះក្រុមគ្រួសារគាត់នៅតែព្រួយបារម្ភពីសុវត្តិភាពក្នុងគ្រួសារនៅឡើយ ដោយសារតែជនដៃដល់០២នាក់ទៀតកំពុងមានសេរីភាពនៅក្រៅឃុំនៅឡើយ ។

សាលាដំបូងខេត្តបាត់ដំបងបានប្រកាសសាលក្រមកំបាំងមុខជនជាប់ចោទចំនួន០២នាក់ និងចំពោះមុខជនជាប់ចោទ០២នាក់ ដោយផ្តន្ទាទោសម្នាក់ៗអស់មួយជីវិត ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១២៥៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ។ នេះបើតាមអ្នកស្រី អឿន ឆេន ជាម្ដាយជនរងគ្រោះ ដែលបានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៧ សីហា ឆ្នាំ២០២៤ នេះ ។ អ្នកស្រីបាននិយាយថា ស្វាមីអ្នកស្រីបានចូលស្ដាប់ការប្រកាសសាលក្រមនេះផ្ទាល់នៅបន្ទប់សវនាការសាលាដំបូងខេត្ត កាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០២៤។ អ្នកស្រីបានបញ្ជាក់ថា ក្រៅពីប្រកាសផ្តន្ទាទោសអស់មួយជីវិត ចំពោះជនជាប់ចោទទាំង០៤នាក់ តុលាការក៏បានបង្គាប់ឲ្យក្រុមជនជាប់ចោទរួមគ្នាផ្ដល់សំណងដល់គ្រួសារអ្នកស្រីសរុបចំនួន២០០លានរៀលផងដែរ។ អ្នកស្រីស្វាគមន៍ចំពោះការសម្រេចរបស់តុលាការ តែអ្នកស្រីសូមឲ្យតុលាការ និងសមត្ថកិច្ចជួយបន្តនីតិវិធីតាមចាប់ជនជាប់ចោទចំនួន០២នាក់ទៀតដែលកំពុងមានសេរីភាពនៅក្រៅឃុំយកមកដាក់ពន្ធនាគារឲ្យខាងតែបាន ព្រោះគ្រួសារអ្នកស្រីនៅតែព្រួយបារម្ភពីសុវត្ថិភាពនៅឡើយ ដរាបណាជនដៃដល់ដ៏សាហាវឃោឃៅចំនួន០២នាក់ទៀតមិនទាន់ត្រូវបានចាប់ខ្លួន។ សូមរំលឹកថា សំណុំរឿងបាញ់សម្លាប់គ្នាយ៉ាងសាហាវឃោរឃៅក្នុងសង្គ្រាម «ស្នេហាត្រីកោណ» នេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ នៅលើសួនច្បារមាត់ស្ទឹងសង្កែ ក្បែរវេទកាបុណ្យអុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ក្នុងព្រឹត្តិការបាញ់ប្រហារគ្នាដ៏កក្រើកក្រុងបាត់ដំបងនេះ ភាគីម្ខាងត្រូវគេអះអាងដំបូងថា មានគ្នា០៤ ទៅ០៥នាក់ ប្រដាប់ដោយកាំភ្លើងខ្លីស្ទើរគ្រប់ដៃ ជិះរថយន្តស៊េរីទំនើបមួយគ្រឿង ដឹកនាំដោយមេខ្លោងម្នាក់ឈ្មោះ តុង តុង (ភាគីជនជាប់ចោទ) បានជិះឆ្វែលតាមរកបាញ់សម្លាប់ភាគីម្ខាងទៀត ដែលមានគ្នាចំនួន០៣នាក់ដឹកនាំដោយឈ្មោះ រឿន សំរ៉ង (ភាគីរងគ្រោះ) ។ ក្រុមជនរងគ្រោះរបស់ឈ្មោះរឿន សំរ៉ង ត្រូវបានក្រុមខ្មាន់កាំភ្លើងដែលដឹកនាំដោយជនអន្ធពាលឈ្មោះតុង តុង ជិះរថយន្តស្វែងរកឃើញ ហើយបានចុះពីរថយន្តស្ទុះទៅបាញ់ប្រហារគ្មានប្រណីដៃលាន់កងរំពងផ្អើលពេញក្រុង ដូចក្នុងខ្សែភាពយន្តហុងកុង ស្រោចទៅលើក្រុមជនរងគ្រោះទាំង០៣នាក់ ដែលកំពុងអង្គុយនៅលើបង់ថ្ម លើសួនច្បារត្រង់ចំណុចខាងលើ ។ គ្រាប់កាំភ្លើងដែលក្រុមខ្មាន់កាំភ្លើងបាញ់ស្រោចគ្មានប្រណីដៃទៅលើក្រុមជនរងគ្រោះនេះ បានត្រូវចំឈ្មោះ រឿន សំរ៉ង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯបក្ខពួកចំនួន០២នាក់ដែលអង្គុយក្បែររងរបួសស្រាល ។ ដោយឡែក ក្រុមខ្មាន់កាំភ្លើង ក្រោយបាញ់ប្រហារទៅលើគូសត្រូវបានសម្រេចពួកគេ បានបើករថយន្តគេចខ្លួនទៅកាន់ក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ បាត់ស្រមោលភ្លាមៗដែរ ។

ក្រោយពីធ្វើការស្រាវជ្រាវមួយរយៈពេលខ្លីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចយ នៅក្រុងប៉ោយប៉ែត ដែលគេសង្ស័យថា «បានចូលរួមគំនិត» ហើយបានបញ្ជូនខ្លួនមកកាន់សាលាដំបូងខេត្តបាត់ដំបង និងក្រោយមកនៅថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនបក្សពួកក្រុមខ្មាន់កាំភ្លើងនេះម្នាក់ទៀតឈ្មោះ វ៉េង ចិត្រា ហៅធី អាយុ២០ឆ្នាំ នៅក្រុងប៉ោយប៉ែតដដែលទៀត ។

ជាមួយនឹងការឃាត់ខ្លួន ជននេះបានសារផាពថា ខ្លួននិងគូកនប៉ុន្មាននាក់ទៀត ។ ជាពិសេស មេខ្លោងឈ្មោះ តុង តុង បានប្រើប្រាសអាវុធខ្លីបាញ់រះទៅលើក្រុមជនរងគ្រោះឈ្មោះ រ៉ង ។ បើនិយាយពីប្រវត្តិ នៃការតាមបាញ់សម្លាប់គ្នាយ៉ាងសាហាវឃោរឃៅរវាងភាគីទាំង០២នេះ បើតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចសំណុំរឿងឧក្រិដ្ឋនេះ ផ្ដើមចេញពីរឿងដណ្ដើមស្រីគ្នា» តួអង្គប្រុសឈ្មោះ អាន ភីតុង ហៅ តុង តុង (ជនជាប់ចោទ) ជាមួយតួអង្គប្រុសឈ្មោះ រឿន សំរ៉ង (ជនរងគ្រោះ) ។ នៅក្នុងព្រឹត្តិហេតុបានបង្ហាញថា ឈ្មោះ តុង តុង ជាអ្នកតាម«ដណ្តើមស្រីកំណាន់ចិត្ត» របស់ជនរងគ្រោះឈ្មោះ រ៉ង យ៉ាងស្អិតមិនព្រមបន្ធូរដៃ បើទោះជាគូរសត្រូវក្នុងរឿង «ស្នេហាត្រីកោណ»ទាំង០២នាក់នេះ ធ្លាប់ជួបដោះស្រាយគ្នា និងគំរាមកំហែងគ្នាទៅវិញទៅមកជាបន្តបន្ទាប់ក្ដី ។ តាមប្រភពដែលពាក់ព័ន្ធក្នុងរឿងនេះ បាននិយាយថា ឈ្មោះ រ៉ង បានចោទប្រកាន់ឈ្មោះ តុង អំពីរឿងព្យាយាមតាមដណ្ដើមស្រីកំណាន់ចិត្តរបស់ខ្លួន ។

ប៉ុន្តែឈ្មោះ តុង ធ្លាប់បានបដិសេធម្ដងជាពីរដងថា ខ្លួនគ្រាន់តែស្គាល់នារីឈ្មោះ លីណា នោះរាប់អានគ្នាធម្មតាតែប៉ុណ្ណោះ តែការពន្យល់របស់ឈ្មោះ តុង តុង មិនបានធ្វើឲ្យឈ្មោះ រ៉ង ជឿជាក់ទេ។ ពួកគេចេះតែតាមរករឿងគ្នាគ្មានការលើកលេងឡើង ។ បើតាមប្រភពព័ត៌មាននៅយប់កើតហេតុនោះ ពួកគេបានជួបគ្នាមួយប្រាវនៅក្នុងក្លឹបរាត្រីមួយក្នុងក្រុងបាត់ដំបង រហូតពួកគេណាត់ជួបគ្នាជាថ្មី តែការណាត់ជួបលើកចុងក្រោយនេះ គឺជាការណាត់ជួបប្រយុទ្ធគ្នា តែចៃដន្យភាគីឈ្មោះ តុង តុង ដែលមានគ្នាច្រើនមានកាំភ្លើងស្ទើរគ្រប់ដៃ បានបាញ់សម្លាប់ភាគីឈ្មោះ រ៉ង ផ្អើលពេញក្រុងបាត់ដំបង ។

យ៉ាងណាក្ដី បើគិតមកដល់ពេលនេះ ជនជាប់ចោទក្នុងសំណុំរឿង «សង្គ្រាមស្នេហាត្រីកោណ» ត្រូវបានតុលាការឃុំខ្លួនចំនួន០២នាក់ហើយ រីឯចំនួន០២នាក់ទៀត ដែលមានមេខ្លោងឈ្មោះ អាន ភីតុង ជាតួឯកក្នុងរឿងនេះផ្ទាល់ផង កំពុងរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ។ ប៉ុន្តែតុលាការបានប្រកាសផ្តន្ទាទោសពួកគេទាំង០៤នាក់ឱ្យជាប់គុកអស់មួយជីវិត និងត្រូវរួមគ្នាផ្ដល់សំណងដល់ជនរងគ្រោះក្នុងទឹកប្រាក់ចំនួន២០០លានរៀល ។

ជាមួយនឹងថ្ងៃប្រកាសសាលក្រមចំពោះមុខផង និងកំបាំងមុខជនជាប់ចោទផងនេះ លោកចៅក្រមជំនុំជម្រះបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនជាប់ចោទដែលកំពុងរត់គេចខ្លួនយកមកប្រឈមនឹងផ្លូវច្បាប់ផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព