Social Network

កម្ទេច​ឧបករណ៍​ល្បែង​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាប​ទីតាំង​កាស៊ីណូ​អន្តរជាតិ​តោ​ពីរ គ្មាន​អាជ្ញា​បណ្ណ

ខេត្តព្រះសីហនុ ៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានមានប្រសាសន៍ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះថា ការកម្ទេចឧបករណ៍ល្បែងខុសច្បាប់នាពេលនេះ ដោយមានគោលបំណងបង្ហាញអំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធក្នុងវិស័យល្បែងពាណិជ្ជកម្ម និងការអនុវត្តក្របខ័ណ្ឌការងារពាក់ព័ន្ធនឹងការគ្រប់គ្រងត្រួតពិនិត្យលើឧបករណ៍ ឬកម្មវិធីល្បែង ដែលជាសមត្ថកិច្ចរបស់គណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជា ដែលហៅកាត់ថា(គ.ល.ក.) ។

ក្នុងពិធីកម្ទេចឧបករណ៍ល្បែងខុសច្បាប់ លោក រស់ ភីរុណ បានអោយដឹងថា ដោយយោងតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានបញ្ញត្តិថា “នីតិបុគ្គលអាចប្រតិបត្តិការល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន ចំពោះ ឧបករណ៍ ឬកម្មវិធីល្បែង ដែលអាចស្នើសុំចុះបញ្ជី និងអាចដាក់ឱ្យដំណើរការនៅក្នុងកាស៊ីណូបាន លុះត្រាតែការផលិតការដំឡើង ការនាំចូល ការលក់ និងចែកចាយដោយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណពី(គ.ល.ក) ដូចនេះហើយឧបករណ៍ល្បែង ដែលដំណើរការដោយមិនមានការអនុញ្ញាតពី(គ.ល.ក) ត្រូវបានចាត់ទុកថា ជាឧបករណ៍ល្បែងខុសច្បាប់ ដែលជាកម្មវត្ថុ នៃការរឹបអូស និងកម្ទេចចោល។

ដោយយោងតាមដីកាសម្រេចប្រគល់វត្ថុតាងចាប់យករបស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចប្រគល់វត្ថុតាងមួយចំនួន ជាឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស គឺត្រូវបំផ្លាញចោល រួមមាន ៖ ម៉ាស៊ីនល្បែង ចំនួន២៦គ្រឿង ជើងកាមេរ៉ា ចំនួន ៣គ្រឿង និងក្បាល DVR ចំនួន ៨គ្រឿង ។ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានបញ្ជាក់ដែរថា ការធ្វើអាជីវកម្មល្បែង ដែលគ្មានអាជ្ញាបណ្ណ គឺជាបទល្មើស ត្រូវអនុវត្តនីតិវិធីអនុលោមតាមច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលទាមទារឱ្យមានការចូលរួមសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវតាមដាន និងចាត់វិធានការក្នុងការគ្រប់គ្រងអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ដោយធ្វើយ៉ាងណាទប់ស្កាត់ និងឈានដល់លុបបំបាត់ឱ្យបាននូវសកម្មភាពលួចលាក់ ។

លោក នៃ គង់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា តាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ ដោយនៅពេលកន្លងមកប្រតិបត្តិការបង្ក្រាបទីតាំងកាស៊ីណូអន្តរជាតិតោពីរ ដែលធ្វើអាជីវកម្មកាស៊ីណូ ដោយគ្មានអាជ្ញាបណ្ណ ដែលត្រូវបានដកហូតមកកម្ទេចចោលនាពេលនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព