Radio Live


Social Network

ចៅក្រម​សម្រេច​ឃុំខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ករណី​ស្តុក​ទុក និង​លក់​ចែកចាយ​អាវុធ​ជំ​ពាម​កែ​ច្នៃ​បា.ញ់​គ្រាប់​ដែក

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ សីហា ២០២៤ បានចេញដីកាបង្គាបើឲ្យឃុំខ្លួនជនជាតិវៀតណាមម្នាក់ ឈ្មោះ Do Hoang Viet ជាម្ចាស់ក្រុមហ៊ុន CamShip Express ពាក់ព័ន្ធប្រព្រឹត្តបទល្មើស.ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ(អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក) ។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស្រាវជ្រាវលើទំព័រហ្វេសប៊ុកឈ្មោះ D-Store ដែលបានបង្ហោះផ្សព្វផ្សាយលក់អាវុធជំពាម កែច្នៃ បាញ់គ្រាប់ដែក តាមបណ្តាញសង្គម និងឈានទៅដល់ការចុះបង្ក្រាបទីតាំងរក្សាទុក និងចែកចាយអាវុធកែច្នៃ ប្រភេទនេះ នៅទីតាំងមួយកន្លែង ស្ថិតនៅផ្ទះលេខ១១ ផ្លូវ៣១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន CamShip Express ឈ្មោះ Do Hoang Viet ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ដើម្បីយកមកសាកសួរនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ដោយសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះក៏មានចូលរួមពីសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ដូចជា ៖ លោក សុខ ពេញវុធ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ និងលោក សេង គន្ធ អភិបាល នៃអភិបាលខណ្ឌមានជ័យ ។ សមត្ថកិច្ចជំនាញ បានរកឃើញ និងដកហូតសម្ភារៈ ជាគ្រឿងបង្គុំអាវុធកែច្នៃ មួយចំនួន រួមមាន ៖ កាំភ្លើង (អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក), ខ្សែកៅស៊ូ, ឧបករណ៍គ្រឿងបង្គុំ និងគ្រាប់លោហៈដែក មួយចំនួនធំ ។

ក្រោយពីការសាកសួរជនសង្ស័យខាងលើ បានសារភាពថា ពិតជាបានប្រព្រឹត្តប្រាកដមែន បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដល់ប្រជាពលរដ្ឋបញ្ឈប់ នូវការផ្សព្វផ្សាយ និងធ្វើអាជីវកម្មទិញ-លក់ អាវុធកែច្នៃផ្សេងៗតាមបណ្តាញសង្គមគ្រប់ប្រភេទ ដែលបង្កអសន្តិសុខដល់សង្គម និងអាយុជីវិតមនុស្ស ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមក្រើនរំលឹក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានទិញអាវុធកែច្នៃគ្រប់ប្រភេទ សូមយកមកប្រគល់ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជៀសវាងសមត្ថកិច្ចចុះធ្វើការរឹបអូប និងឃាត់ខ្លួនកសាងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព