Social Network

វាស់កម្ពស់​​អាជីវករ​ទិញ​-​លក់​ទូរស័ព្ទ​ម្នាក់ ពី​បទ​.​ឆ​បោក​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអាជីវករទិញ-លក់ទូរស័ព្ទម្នាក់ នៅចំណុចមុខផ្ទះលេខ១៣៩E0z ផ្លូវ១៦៦ សង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពាក់ពន្ធពីបទ.ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញសែកស្អុយប្រមាណជិត៤ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៩Cផ្លូវលេខ២៦១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។

ការឃាត់ខ្លួននោះ សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ៦៣៤«អ»ដ.ច.ន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ របស់លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាអាជីវករទិញ-លក់ទូរស័ព្ទ ។ តាមប្រភពព័ត៌មានពីសមត្តកិច្ចបានបង្ហើបឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ហេង វិចិត្រ បានយកទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង ពីដើមបណ្តឹងឈ្មោះ ជា រតនៈ មុខរបរជាអាជីវករលក់ទូរស័ព្ទដូចគ្នា ដែកមានទឹកប្រាក់ប្រមាណសរុបជាង៤ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅចែកចាយ និងលក់បន្ត ។

ដោយមានការជឿទុកចិត្តគ្នា ពេលនោះ ជនសង្ស័យមិនទាន់បានទួទាត់ប្រាក់ឲ្យទៅដើមបណ្តឹងទេ ក្រោយមកម្ចាស់បំណុល ក៏បានទារប្រាក់ថ្លៃលក់ទូរស័ព្ទនោះវិញ ហើយជនសង្ស័យក៏បានចេញមូលប្បទានប័ត១សន្លឹកឲ្យទៅជនរងគ្រោះ ទីបំផុតមូលប្បទានប័ត១សន្លឹកនោះជាសែកស្អុយ ទើបត្រូវបានដើមបណ្តឹងប្តឹងសមត្តកិច្ចឲ្យជួយចាត់ ការតាមផ្លូវច្បាប់ ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងវាស់កំពស់រួចរាល់ហើយ នឹងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ស្អែកនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព