Social Network

បុរស​មាន​វិបត្តិ​ម្នាក់ គិត​ខ្លីលោត​ពីលើ​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ ត្រូវ​អ្នកនេសាទ​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់

រាជធានីភ្នំពេញ ៖ បុរសមានវិបត្តិម្នាក់ គិតខ្លី បានជិះម៉ូតូកង់៣ ទៅលោតទឹកសម្លា.ប់ខ្លួនពីលើស្ពានខ្សែកាបឬស្សីកែវ តែសំណាងល្អ ត្រូវបានបងប្អូនអ្នកនេសាទ នៅខាងក្រោមនោះ ជួយស្រង់ទាន់ ។

ករណីនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៥០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ បុរសដែលគិតខ្លីមានឈ្មោះ តូម៉ា អាយុ ៣១ឆ្នាំ ស្រុកកំណើតរស់នៅ ភូមិអង្គរប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។ ទោះបីជាយ៉ាងណាគេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វីឡើយ ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះ បានជិះម៉ូតូកង់៣ មកឈប់នៅលើស្ពានខ្សែកាបឬស្សីកែវ នៅផ្នែកខាងកើត ។ តាមព័ត៌មានឲ្យដឹងទៀតថា ខណៈនោះ គេឃើញបុរសរូបនោះបានឈររេរានៅលើស្ពានមួយសន្ទុះ រួចក៏តោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេតែម្ដង ភ្លាមៗត្រូវបានអ្នកនេសាទ ដែលនៅខាងក្រោម ក៏បានចេញទូកទៅជួយស្រង់ សង្គ្រោះរួចនាំឡើងគោក ។

ទាក់ទិននឹងមូលហេតុ បុរសរូបនោះបានប្រាប់ឲ្យដឹងថា ដោយសារធុញថប់នឹងជីវិត ក៏បានជិះរថយន្តឈ្នួល ពីក្រុងកំពង់សោមមកភ្នំពេញ រួចជិះម៉ូតូកង់បី ទៅលោតទឹកតែម្ដង។ បន្ទាប់មក សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៍៏នាំទៅសួរនាំ និងអប់រំ រួចក៏បានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលទៅផ្ទះវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព