រាជធានីភ្នំពេញ ៖ អំពើឃា.តកម្មមួយ ដែលបានកាលឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចអូរចម្លងស្នេហ៍ ភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាឃា.តករ ទៅដល់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ទាក់ទិននិងការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេន ណាយ ភេទប្រុស អាយុ ៤៤ឆ្នាំ។ នៅថ្ងៃទី០១ ដើមខែមេសា ឆ្នាំ២០២៥ មានករណីប្រទះឃើញសាកស.ពបុរសម្នាក់ដេកស្លាប់ ដោយសង្ស័យជាករណីឃា.តកម្ម ដែលជនរងគ្រោះមានឈ្មោះ ផន សីហា ហៅកិប ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្រោយកើតមានអំពើឃា.តកម្មនោះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានចុះទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសខាងលើ ។ លុះនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤០នាទី កម្លាំងជំនាញបានឃាត់ធ្វើការជនសង្ស័យដូចមានឈ្មោះខាងលើ នៅត្រង់ចំណុចភូមទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយបអំពិល ខេត្តឧត្តរមានជ័យ ។
ពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃកើតហេតុ (មិនចាំថ្ងៃ) ខ្លួន និងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា ដោយបានទាស់ពាក្យសម្តីជាមួយគ្នា បន្ទាប់មកខ្លួនក៏បានយកម៉ាលេត វាយទៅលើក្បាលជនរងគ្រោះ បណ្តាលស្លា.ប់ភ្លាមៗតែម្តងទៅ ។ នៅពេលដឹងថា ខ្លួនវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ហើយ ខ្លួនបានចេញដំណើរពីខេត្តបាត់ដំបង ទៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីគេចខ្លួនតាមការប្រមាញ់ពីសំណាក់សមត្ថកិច្ច ប៉ុន្តែការគេចខ្លួននោះបានត្រឹមមួយសប្តាហ៍ ក៏ត្រូវសមត្ថកិច្ចក្របួចតែម្តង ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី ៕
ដកស្រង់ពី៖កោះសន្តិភាព