Radio Live


Social Network

ទីបំផុត​! ចៅក្រម​សម្រេច​មិន​ឃុំខ្លួន​ស្ត្រី​២​នាក់​ទេ តែ​ដាក់​​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ​រឿង​ប្រពន្ធដើម​លើកគ្នា​ទៅ​វា​.​យ​ស្រី​កំណាន់​ប្តី​

រាជធានីភ្នំពេញ ៖ ទីបំផុត នាររសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរស្ត្រីប្រពន្ធដើម ២នាក់បងប្អូន ពាក់ព័ន្ធសំណុំរឿងលើកគ្នាបើកឡានដេញបុក និងប្រើអំពើហិ.ង្សាលើស្រីកំណាន់របស់ប្តី ដោយសម្រេចមិនឃុំខ្លួនទេ តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងដោយមានលក្ខណ្ឌ៤ ចំណុច ៖

១. ជនត្រូវចោទ មិនត្រូវផ្លាស់ប្តូរទីលំនៅ ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ។ ២. ជនត្រូវចោទ ត្រូវបង្ហាញខ្លួន ចំពោះមុខចៅក្រមស៊ើបសួរ នៅរៀងរាល់ចុងខែនីមួយៗ ។ ៣. ជនត្រូវចោទ ត្រូវឆ្លើយតបនូវការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ ។

៤. ជនត្រូវចោទ ត្រូវដាក់ប្រាក់តម្កល់ ដើម្បីធានាខ្លួន ។ តែទោះជាចៅក្រមស៊ើបសួរ សម្រេចមិនឃុំខ្លួន ស្ត្រីប្រពន្ធដើម ២នាក់បងប្អូននោះ យ៉ាងណាក្តី សំណុំរឿងក៏នៅតែតុលាការដំណើរការតាមនីតិវិធី រហូតដល់បើកសវនាការជំនុំជម្រះ លើអង្គសេចក្តីទាំងមូលដែរ នេះបើតាមអ្នកច្បាប់បង្ហើបប្រាប់កោះសន្តិភាពឲ្យដឹង ។ សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងប្តីមានស្រីកំណាន់ ប្រពន្ធ និងបងប្អូន បើកឡានដេញបុកស្រីកំណាន់របស់ប្តី បង្កអំពើហិ.ង្សា ត្រូវបានតំណាងអយ្យការ សម្រេចបើកការស៊ើបសួរលើជនសង្ស័យទាំង ២នាក់ បទល្មើសបទ ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយតំណាងអយ្យការបញ្ចប់ការស៊ើបសួរសំណុំរឿងនេះ បានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការផ្តន្ទាទោស ទៅតាមច្បាប់ជាធរមាន ។

បើយោងតាមការចោទប្រកាន់ពីបទ ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសជនសង្ស័យដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល កាលបើអំពើហិ.ង្សានេះប្រព្រឹត្ត ៖ ១. ដោយមានការគិតទុកជាមុន ២. ដោយប្រើអាវុធ ឬគំរាមកំហែងដោយអាវុធ ៣. ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត ។ រីឯ បទល្មើស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសជនសង្ស័យដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤ លានរៀល ទៅ១០ លានរៀល នៅក្នុងករណីដូចតទៅ ៖ ១. កាលបើបទល្មើសនេះ បានប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើស កម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំ និត ។ ២. កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងទីកន្លែងជាលំនៅ ឋាន ។ (មានន័យថា សំណុំរឿងខាងលើនេះតំណាងអយ្យការបានចោទ ប្រកាន់លើជនសង្ស័យទាំង២ នាក់ចំនួន២ បទល្មើស ដោយបទល្មើសនីមួយៗ តម្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ លានទៅ១០ លានរៀលដូចគ្នា ប៉ុន្តែស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ទោសទាំង២ ចៅក្រមបូកចូលគ្នាឬយ៉ាងណា) ។

ជនសង្ស័យម្នាក់ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និងម្នាក់ឈ្មោះ អ៊ឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សូមជម្រាបទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលភាគីខាងប្រពន្ធដើម និងបក្ខពួកបើកឡានដេញបុក និងប្រើអំពើហិង្សាលើស្ត្រីចំណាន់របស់ប្តី ។ ហេតុការណ៍នោះ អ្នកលេងបណ្តាញសង្គម បានបង្ហោះចែកចាយព្រោងព្រាត ដោយមានការបញ្ចេញមតិរិះគន់ផ្សេងៗគ្នា ខ្លះវាយប្រហារទៅលើប្រពន្ធដើម ខ្លះទំលាក់កំហុសលើស្រីកំណាន់របស់ប្តី ទីបំផុត ស្ត្រីប្រពន្ធដើម ២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ៕

ដកស្រង់ពី៖កោះសន្តិភាព