ខេត្តកណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួល ក្របួចបានជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ក្រោយធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ អ្នកអង្គុយស្ទូចត្រី នៅមាត់ស្រះកណ្តាលវាលស្រែ ។
ប៉ូលិសឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំវាលស្រែ ក្នុងភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ០២នាក់ ៖ ១- ឈ្មោះ រិទ្ធ រាជ ហៅម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (មេក្លោង)។
២- ឈ្មោះ ប៊ុន រ៉ា ហៅពៅសំតូ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងទន្លាប់ ឃុំស្វាយជុក ស្រុកសាមគីមានជ័យ ខេត្ដកំពង់ឆ្នាំង (មេខ្លាង) ។ ចំណែកម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1FR-1284 (ត្រូវបានបក្ខពួក០២នាក់ទៀត ដែលរត់គេច យកទៅបាត់) ។ បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានបញ្ជាក់ប្រាប់ក្រុមការងារកោះសន្តិភាព ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1FR-1284 ឆ្ពោះទៅស្ទូចត្រី នៅចំណុចកើតហេតុខាងលើ ហើយគាត់ទុកម៉ូតូក្រោមដើមឈើ រួចបានដើរចុះស្ទូចត្រី នៅក្បែរមាត់ស្រះ កណ្តាលវាលស្រែ ស្រាប់តែបានឃើញជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូឌ្រីសង់ ចំនួន០២គ្រឿង ជិះទៅជិតម៉ូតូរងគ្រោះ រួចក៏បានធ្វើសកម្មភាព យកដែកអក្សរតេ កាច់សោម៉ូតូជនរងគ្រោះ ហើយជិះគេចខ្លួន ។
ពេលឃើញដូច្នេះ ជនរងគ្រោះស្រែកឆោឡោ និងរត់ដេញតាមពីក្រោយ ក៏មានអ្នកដំណើរជិះកាត់តាមផ្លូវ ជនរងគ្រោះ ក៏សុំគេជិះ ដើម្បីដេញតាមពីក្រោយជនសង្ស័យ និងបានស្រែកថា ចោរៗ រួចបន្តរាយការណ៍ទៅកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍លំហាចដែលកំពុងល្បាត ក៏ប្រទះឃើញក្រុមជនសង្ស័យ ពេលនោះ ជនសង្ស័យ០២នាក់ បានផ្ដួលម៉ូតូចោល ហើយរត់គេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ដល់ក្នុងវាលស្រែ រហូតឈានដល់ការឃាត់ខ្លួនបានចំនួន០២នាក់។ ចំណែកបក្ខពួក ០២នាក់ទៀត ដែលជិះម៉ូតូរបស់ជនរងគ្រោះ បានជិះគេចខ្លួន ទៅទិសខាងជើងបាត់ស្រមោល ។
សមត្ថកិច្ច បានដកហូត វត្ថុតាង រួមមាន ៖ ទូរសព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ និងម៉ាក Nokia អ៊ិនចុចពិល មួយគ្រឿង រួមជាមួយ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១ ដោយក្នុងនោះមានដែកតាន់ជ្រុង មុខសំប៉ែត សម្រាប់កាច់សោកម៉ូតូចំនួន០៦ និងសោអក្សរតេ កូនសោម៉ូតូថ្មី ចំនួន០១ ជាមួយម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ចាម 1AD-6669 ។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ចំពោះវត្ថុតាងទាំងអស់ខាងលើ ពិតជារបស់ខ្លួនសម្រាប់ធ្វើសកម្មភាព ហើយខ្លួន និងបក្ខពួក០២នាក់ទៀត ឈ្មោះ វ៉ាន់ ម៉ៅ និងឈ្មោះ លី ដែលគេចខ្លួនបាត់នោះ បានរួមគ្នាធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ដកស្រង់ពី៖កោះសន្តិភាព