រាជធានីភ្នំពេញ ៖ ចោរ២នាក់ប្ដីប្រពន្ធ ជំនាញខាងទម្លាក់យោង ព្រមទាំងជាមុខសញ្ញាជួញដួរគ្រឿងញៀនផងនោះ ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបាន ក្រោយពេលជនសង្ស័យ២នាក់នេះ រួមជាមួយបក្ខពួកប្រុសស្រី៣នាក់ទៀត ធ្វើសកម្មភាពប្រើល្បិចទម្លាក់យោង យកកាឡៃដូរមាស ពីកម្មការិនីរោងចក្រម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន។
ប៉ុន្តែខណៈនោះ នារីរងគ្រោះដឹងខ្លួនទាន់ ស្រែកថា ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជួយដេញតាមរហូតចោរភ័យដួលម៉ូតូ ទើបចាប់បាន២នាក់ខាងលើ រួចប្រគល់ជូននគរបាល នាំទៅត្រួតពិនិត្យរកឃើញថ្នាំញៀន១៦កញ្ចប់ទៀត ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនោះម្នាក់ឈ្មោះ ពូន ចន្ថា ភេទស្រី អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះជា សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ជនទាំង២នាក់ប្ដីប្រពន្ធនេះ មានមុខរបរដើរទម្លាក់យោង និងជួញដូរគ្រឿងញៀន។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបក្ខពួកប្រុស និងស្រីចំនួន៣នាក់ទៀត បានរត់គេចខ្លួនរួច ។ ក្រោយពេលនាំទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នគរបាលបានដកហូតថ្នាំញៀន ចំនួន១៦កញ្ចប់, ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ស្លាកលេខ បាត់ដំបង 1AT-1802 ទូរសព្ទម៉ាករៀលមី, ទូរសព្ទម៉ាកអូប៉ូ ចំនួន០៣គ្រឿង និងកាបូបស្ពាយចំហៀងពណ៌ខ្មៅ០១ ។
ចំណែកឯ កម្មការិនីរងគ្រោះ ពុំត្រូវបានគេស្គាល់ឈ្មោះឡើយ ព្រោះបន្ទាប់ពីទទួលបានគ្រឿងអលង្ការរួមមានខ្សែក ១ខ្សែ និងចិញ្ចៀន២វង់ របស់ខ្លួនមកវិញ នាងពុំបានដាក់ពាក្យប្ដឹងនោះទេ ។ ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ នាងកម្មការិនីម្នាក់ បានចេញពីរោងចក្រ ទៅរកទិញអីវាន់នៅផ្សារឯករាជ្យ២ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ហើយក៏បានជួបស្ត្រី ជាជនសង្ស័យ២នាក់ ធ្វើជាជ្រុះមាស១ថង់ ហើយជនរងគ្រោះ ក៏បានរើសយកមកទុក។ លុះបន្តិចក្រោយមក ជនសង្ស័យឈ្មោះ ពូន ចន្ថា និងឈ្មោះ ជា សុខា ទាំង២នាក់ប្ដីប្រពន្ធខាងលើ ទៅសួរនាំជនងគ្រោះថា មានរើសបានមាស ឬអត់ ? ជនរងគ្រោះ ក៏ប្រាប់ថា រើសបាន ហើយជនសង្ស័យ២នាក់នេះ ប្រាប់ថា ពួកគេបានស្គាល់ម្ចាស់ និងប្រាប់កុំឲ្យមាត់ ចាំចែកគ្នា រួចក៏បានល្បួងដោះយកគ្រឿងអលង្ការពីនារីរងគ្រោះ ។ ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា បន្ទាប់មកទៀត ក៏មានបក្ខពួកប្រុស និងស្រី២ ទៅ៣នាក់ទៀត ជិះម៉ូតូ១គ្រឿង ទៅដល់ ដឹកស្ត្រីរងគ្រោះ ដោយប្រាប់ថា ទៅចែកមាសគ្នា ខណៈនោះ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ដែលដោះយកគ្រឿងអលង្ការ ជនរងគ្រោះនោះ ព្យាយាមជិះគេចខ្លួន។ ប៉ុន្តែជនរងគ្រោះ ដឹងខ្លួនទាន់ បានប្រាប់ឲ្យជនសង្ស័យ ដែលឌុបនាងនោះ ជួយដេញតាម ប៉ុន្តែជនសង្ស័យនោះ ធ្វើជាម៉ូតូអស់សាំង និងខូច ព្រមទាំងធ្វើជាឈ្លោះគ្នា ជាមួយស្ត្រី ដែលជាបក្ខពួកម្នាក់ទៀត ទុកឱកាសឲ្យជនសង្ស័យ២នាក់ប្ដីប្រពន្ធនោះរត់ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា ស្របពេលនោះ មានអ្នកដំណើរជិះម៉ូតូទៅឆ្លងកាត់ទីនោះ ហើយស្ត្រីរងគ្រោះ បានស្រែកឲ្យជួយបង្កការភ្ញាក់ផ្អើលនាំគ្នាដេញតាមរហូតដល់ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យក៏ដួលម៉ូតូ ទើបចាប់ខ្លួនបាន២នាក់និងដកហូតយកបានគ្រឿងអលង្ការមកវិញ ចំណែក៣នាក់ទៀត គេចខ្លួនបាត់។ បន្ទាប់មកបានប្រគល់ជនសង្ស័យ២នាក់ប្ដីប្រពន្ធខាងលើឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ នាំយកទៅសាកសួរ ហើយនគរបាល ឆែកឆេររកឃើញថ្នាំញៀនចំនួន១៦កញ្ចប់ ថែមទៀត ។ ក្រោយពេលសាកសួរ នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានកសាងសំណុំរឿងចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន តែមួយករណីប៉ុណ្ណោះ ហើយបានបញ្ជូនទៅផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌពោធិសែនជ័យ ចាត់ការបន្ត ៕
ដកស្រង់ពី៖កោះសន្តិភាព